ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានអំពីការមានអនាគត «អាក្រក់ខ្លាំង» សម្រាប់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ (NATO) ប្រសិនបើប្រទេសអឺរ៉ុបមិនចូលរួមក្នុងកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់លោក នៅក្នុងប្រទេសអ៊ីរ៉ង់ទេនោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃអាទិត្យ (ទី១៥ ខែមីនា ឆ្នា២០២៦)។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងត្រឹមតែ ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Trump បានអំពាវនាវដល់ប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ឲ្យមានកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាច្រកដឹកជញ្ជូនដ៏សំខាន់មួយផ្គត់ផ្គង់ប្រេងប្រហែល ២០ភាគរយនៃពិភពលោក។ អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Trump បានប្រាប់សារព័ត៌មាន FT ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «ប្រសិនបើមិនមានការឆ្លើយតប ឬប្រសិនបើវាជាការឆ្លើយតបអវិជ្ជមាន ខ្ញុំគិតថា វានឹងអាក្រក់ខ្លាំងណាស់ សម្រាប់អនាគតរបស់អង្គការណាតូ»។ ហើយលោក Trump ក៏បានប្រាប់សារព័ត៌មាន FT ផងដែរថា លោកអាចពន្យារពេលកិច្ចប្រជុំកំពូលនាពេលខាងមុខជាមួយប្រធានាធិបតីចិន លោក Xi Jinping ខណៈដែលលោកកំពុងដាក់សម្ពាធលើទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងអ៊ីរ៉ង់។

លោក Trump បាននិយាយថា៖ «វាគឺសមស្របណាស់ដែលអ្នកទទួលផលពីច្រកសមុទ្រ (នៃច្រកសមុទ្រ Hormuz) នឹងជួយធានាថា គ្មានអ្វីអាក្រក់កើតឡើងនៅទីនោះ»។ លោក Trump បានប្រាប់សារព័ត៌មាន FT ថា៖ «ខ្ញុំគិតថា ប្រទេសចិនគួរតែជួយដែរ ពីព្រោះប្រទេសចិនទទួលបានប្រេង ៩០ភាគរយពីច្រកសមុទ្រនេះ។ ការរង់ចាំរហូតដល់កិច្ចប្រជុំកំពូល វានឹងយឺតពេលមិនខាន»។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងមន្ត្រីសហរដ្ឋអាមេរិក និងចិន នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងមក។ ប្រធានាធិបតីត្រូវបានគ្រោងជួបជាមួយលោក Xi នៅក្នុងកិច្ចប្រជុំកំពូល នាចុងខែមីនា ក្នុងទីក្រុងប៉េកាំង ប្រទេសចិន៕
