ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី១៥ ខែមីនា ឆ្នាំ២០២៦) បានអះអាងថា លោកមានសិទ្ធិអំណាចក្នុងការដាក់ពន្ធ ទោះបីជាតុលាការកំពូលអាមេរិក បានលុបចោលអត្រាពន្ធសកលរបស់លោកកាលពីខែកុម្ភៈក៏ដោយ។

តាមរយៈការបង្ហោះសារដ៏វែងមួយ នៅលើបណ្តាញសង្គម Truth Social របស់លោក លោក Trump បានលើកឡើងថា៖ «ខ្ញុំមានសិទ្ធិដាច់ខាត ក្នុងការកំណត់ពន្ធ ក្នុងទម្រង់មួយផ្សេងទៀត ហើយបានចាប់ផ្តើមធ្វើដូច្នេះរួចហើយ»។
លោក Trump បានដាក់អត្រាពន្ធ ១០ភាគរយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក តាមរយៈក្រឹត្យ ពោលគឺភ្លាមៗបន្ទាប់ពីមានសេចក្ដីសម្រេចរបស់តុលាការកំពូល។ ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការស៊ើបអង្កេតពាណិជ្ជកម្មថ្មីកាលពីសប្តាហ៍មុន លើប្រទេសចំនួន ៦០ ក្នុងនោះរួមមានទាំងចិន សហភាពអឺរ៉ុប និងជប៉ុនផងដែរ ជាការស៊ើបអង្កេតដែលនឹងពិនិត្យមើល «ការបរាជ័យ ក្នុងការចាត់វិធានការ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ» និងថា តើពួកគេដាក់បន្ទុក ឬរឹតត្បិតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែរ ឬទេ។
ការបង្ហោះរបស់លោក Trump បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងប៉េកាំង បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន «កែតម្រូវវិធីខុសឆ្គងរបស់ខ្លួនជាបន្ទាន់» ខណៈដែលប្រទេសទាំង២ បានចាប់ផ្តើមការចរចាជុំថ្មី។ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានចាត់ទុកការស៊ើបអង្កេតចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកនេះថា ជា «ចំណាត់ការឯកតោភាគី បំពាន និងរើសអើងយ៉ាងខ្លាំង» ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា «កំពុងព្យាយាមបង្កើតរបាំងពាណិជ្ជកម្ម»៕

