អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញសភាមីយ៉ាន់ម៉ាកោះប្រជុំនៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះ ដែលជាលើកដំបូង គិតចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដោយនៅក្នុងអង្គប្រជុំនោះ មានពេញទៅដោយសមាជិកសភាគាំទ្ររបបយោធាដែលត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតរៀបចំឡើងដោយមន្ត្រីជាន់ខ្ពស់យោធា។
សមាជិកសភាភាគច្រើនមកពីគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រយោធា ខណៈពេលដែលភាគច្រើននៃសមាជិកផ្សេងទៀតជារបស់កងកម្លាំងប្រដាប់អាវុធ ដែលមានសិទ្ធិស្របច្បាប់ទទួលបានអាសនៈ ១ភាគ៤ ដែលមិនមានការបោះឆ្នោត តាមរដ្ឋធម្មនុញ្ញ។ អ្នកការសែតរបស់សារព័ត៌មាន AFP នៅរដ្ឋធានី Naypyidaw បានឃើញសមាជិកសភា នៅក្នុងសភាប្រជាជន ចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានសភាជាន់ទាប នៅម៉ោងប្រហែល ១០ព្រឹក (ម៉ោង ក្នុងស្រុក)។

ការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០ បាននាំឲ្យមានជ័យជម្នះយ៉ាងធំធេង សម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុន្តែរបបយោធាបានលុបចោលលទ្ធផលនោះ ឃុំខ្លួនម្ចាស់ពានឈ្នះរង្វាន់ណូបែលសន្តិភាព និងរំលាយគណបក្សរបស់លោកស្រី ដែលបង្កឲ្យមានសង្គ្រាមស៊ីវិល រហូរដល់សព្វថ្ងៃ។
បន្ទាប់ពីការគ្រប់គ្រងរបស់យោធារយៈពេល ៥ឆ្នាំ របបយោធាបានគ្រប់គ្រងរៀបចំឲ្យមានការបោះឆ្នោតឡើងវិញជាដំណាក់កាល កាលពីខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ហើយបើយោងតាមអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានឲ្យដឹងថា ដំណើរការនេះប្រព្រឹត្តទៅ ដោយហាមឃាត់មិនឲ្យមានការរិះគន់លើការបោះឆ្នោត ខណៈដែលសន្លឹកឆ្នោតមានសុទ្ធតែជាបេក្ខជនដែលជាសម្ព័ន្ធមិត្តស៊ីវិលរបស់ខ្លួន។
ការបោះឆ្នោតនេះ មិនបានកើតឡើងនៅក្នុងតំបន់ដ៏ធំនៃប្រទេសដែលគ្រប់គ្រងដោយពួកឧទ្ទាមឡើយ ហើយអ្នកវិភាគពណ៌នា អំពីក្រុមសមាជិកសភាថ្មីនេះថា ជាក្រុមតំណាងរបស់យោធា ដែលមានបំណងផ្តល់នូវភាពស្របច្បាប់ដល់របនេះ។ ប្រធានាធិបតីនឹងត្រូវបានជ្រើសរើសដោយការបោះឆ្នោត នៅទូទាំងសភាទាំង២ ដែលគ្របដណ្ដប់ដោយសមាជិកសភាដែលគាំទ្រយោធា ឬកំពុងបម្រើការនៅក្នុងជួរយោធា។ អ្នកជំនាញមីយ៉ាន់ម៉ាមួយចំនួនជឿថា លោកឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) អាចនៅតែជាប្រមុខយោធា ដើម្បីដឹកនាំរដ្ឋាភិបាលពីខាងក្រោយ៕
