ស្ថាប័នមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរថយន្តនគរបាល ១គ្រឿង កាលពីថ្ងៃអាទិត្យ (ទី១៥ ខែមីនា ឆ្នាំ២០២៦) បានសម្លាប់មន្ត្រី ៩នាក់ នៅភាគកណ្តាលទឹកដីប៉ាឡេស្ទីន ដោយបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់នៅមន្ទីរពេទ្យ ដែលមុននេះ គឺ ៨នាក់។

ការវាយប្រហារនេះបានកើតឡើងខណៈដែលគណៈប្រតិភូក្រុមហាម៉ាស ត្រូវជួបជាមួយមន្ត្រីអេហ្ស៊ីប នៅទីក្រុងគែរ។ នេះបើតាមការឲ្យដឹងពីប្រភពមួយនៃចលនាឥស្លាមប៉ាឡេស្ទីនមួយនេះ។
ទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា ក៏បានរាយការណ៍ថា មានមនុស្ស ៩នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលមុននេះដែរ។ នៅពេលដែលសារព័ត៌មាន AFP សួរអំពីឧប្បត្តិហេតុទាំង២ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍ទាំងនោះ។
អាជ្ញាធរមហាផ្ទៃតំបន់ហ្កាហ្សាដែលដំណើរការក្រោមអំណាចរបស់ក្រុមហាម៉ាស បានចោទប្រកាន់យោធាអ៊ីស្រាអែលថា បានប្រព្រឹត្ត «ឧក្រិដ្ឋកម្មដ៏សាហាវមួយនៅរសៀលនេះ នៅពេលដែលប្រទេសនេះបានកំណត់គោលដៅលើរថយន្តនគរបាលដែលដឹកមន្ត្រី និងបុគ្គលិកជាច្រើននាក់នៅក្នុងតំបន់ភាគកណ្តាល»៕
