ហ្ស៊កដានី និងបារ៉ែន បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូយោធារបស់ពួកគេ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក Yousef Huneiti ប្រធានអគ្គសេនាធិការចម្រុះ និងឧត្តមសេនីយ៍ឯក Ali Al-Khalifa ជំនួយការនាយសេនាធិការទទួលបន្ទុកធនធានមនុស្សរបស់ប្រទេសបារ៉ែន។
កិច្ចប្រជុំនៅទីក្រុងអាម៉ាន់កាលពីថ្ងៃអាទិត្យ បានកើតឡើង អំឡុងពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ខណៈដែលប្រទេសទាំងពីរ បានរាយការណ៍ពីការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Petra លោក Huneiti បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កងកម្លាំងហ្ស៊កដានី ក្នុងការបង្កើនកិច្ចសហការជាមួយសមភាគីបារ៉ែន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការយោធាកាន់តែច្រើន ដើម្បីពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
កាសែត Petra បានឲ្យដឹងទៀតថា ភាគីទាំងពីរស្វែងរកការបង្កើនចំណងមិត្តភាព និងចែករំលែកជំនាញក្នុងការហ្វឹកហ្វឺនយោធា ដើម្បីអភិវឌ្ឍន៍សមត្ថភាពការពារជាតិ និងបម្រើផលប្រយោជន៍ទៅវិញទៅមក។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី និងអនុព័ន្ធយោធាបារ៉ែន នៅទីក្រុងអាម៉ាន់៕
