រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី១៥ ខែមីនា ឆ្នាំ២០២៦)ថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការអង្គុយពិភាក្សាជាមួយបណ្ដាប្រទេសក្នុងតំបន់ ដើម្បីបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួមគ្នា ដើម្បីកំណត់លក្ខណៈនៃគោលដៅដែលត្រូវបានវាយប្រហារ និងថា តើរដ្ឋទាំងនោះមានទំនាក់ទំនងជាមួយអាមេរិកដែរ ឬទេ ខណៈដែលអរិភាពរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន នៅតែបន្តក្ដៅគគុក នៅទូទាំងតំបន់។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Anadolu។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The New Arab (Al-Araby Al-Jadeed) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ដែលត្រូវបានផ្សាយទាំងស្រុង នៅយប់ថ្ងៃអាទិត្យនោះ លោក Araghchi បានប្រាប់ថា ការវាយប្រហារដែលធ្វើឡើងដោយអ៊ីរ៉ង់ បានកំណត់គោលដៅលើ «មូលដ្ឋាន និងធនធានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់» ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ ចំពោះការវាយប្រហារដែលបានធ្វើឡើងលើអ៊ីរ៉ង់ពីមូលដ្ឋានទាំងនោះ។

លោករដ្ឋមន្ត្រីរូបនេះបានឲ្យដឹងទៀតថា ទីក្រុងតេអេរ៉ង់បានទទួលព័ត៌មាន ដែលបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបើកការវាយប្រហារពីទីតាំងមួយចំនួន ឆ្ពោះទៅកាន់បណ្ដាប្រទេសអារ៉ាប់។ លោកបានបន្ថែមថា៖ «យើងមិនទាន់បានកំណត់គោលដៅលើតំបន់ស៊ីវិល ឬលំនៅឋានណាមួយ នៅក្នុងប្រទេសនានាក្នុងតំបន់នេះនៅឡើយទេ»។
ជាមួយគ្នានេះ លោក Araghchi បានគំរាមវាយប្រហារសងសឹកលើក្រុមហ៊ុនអាមេរិក នៅក្នុងតំបន់ ប្រសិនបើរោងចក្រប្រេងរបស់អ៊ីរ៉ង់ត្រូវបានវាយប្រហារ។ លោកបាននិយាយថា៖ «ប្រសិនបើរោងចក្រថាមពលរបស់យើងត្រូវបានកំណត់គោលដៅ យើងក៏នឹងកំណត់គោលដៅរោងចក្ររបស់ក្រុមហ៊ុនអាមេរិកនៅក្នុងតំបន់ផងដែរ»។
អ្នកការទូតជាន់ខ្ពស់រូបនេះ បានអះអាងថា សហរដ្ឋអាមេរិកបានបង្កើតយានដ្រូនស្រដៀងគ្នានឹងយានដ្រូន Shahed របស់អ៊ីរ៉ង់ ដែលមានឈ្មោះថា «Lucas» ដែលលោកបានបញ្ជាក់ថា ត្រូវបានប្រើដើម្បីវាយប្រហារគោលដៅនៅក្នុងបណ្ដាប្រទេសអារ៉ាប់ ដោយបានកត់សម្គាល់ថា ព័ត៌មាននេះនៅតែស្ថិតក្រោមការពិនិត្យ។ លោក Araghchi បាននិយាយថា ទំនាក់ទំនងជាមួយប្រទេសជិតខាង នៅតែបន្តមាន ក្នុងនោះរួមទាំងជាមួយកាតា អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់៕

