ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសនេះកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីបញ្ឈប់សង្គ្រាមនៅមជ្ឈិមបូព៌ា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Sisi បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលនៃការសន្ទនាតាមស័ព្ទដាច់ដោយឡែកជាមួយមេដឹកនាំប្រទេសកាតា លោក Emir Sheikh Tamim bin Hamad Al Thani និងប្រធានាធិបតីនៃសហព័ន្ធអារ៉ាប់ Sheikh Mohamed bin Zayed Al Nahyan និងព្រះមហាក្សត្រ Abdullah ទី២ នៃប្រទេសហ្ស៊កដានី។ នេះបើយោងតាមការិយាល័យប្រធានាធិបតីអេហ្ស៊ីប។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទនោះ លោក Sisi បានសង្កត់ធ្ងន់ថា អេហ្ស៊ីបបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើប្រទេសអារ៉ាប់ ដោយបញ្ជាក់ថា ប្រទេសរបស់លោក «ត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រគ្រប់ទម្រង់ទាំងអស់ ក្នុងការការពារស្ថិរភាពក្នុងតំបន់»។

លោកបានកត់សម្គាល់ថា អេហ្ស៊ីបកំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងទាំងកម្រិតអន្តរជាតិ និងតំបន់ ដើម្បីស្វែងរកការបញ្ឈប់សង្គ្រាមនេះជាបន្ទាន់។
លោក Sisi ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្រួបបង្រួមគោលគំនិតនៃសន្តិសុខជាតិអារ៉ាប់រួម ដើម្បីការពាររដ្ឋអារ៉ាប់ពីការគំរាមកំហែង ឬការឈ្លានពានណាមួយ ដោយសង្កត់ធ្ងន់ថា សាមគ្គីភាពរបស់អារ៉ាប់ នៅតែជាមាគ៌ាដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងរក្សាស្ថិរភាពក្នុងតំបន់៕
