អ៊ីរ៉ង់បានបន្តយុទ្ធនាការយន្តហោះគ្មានមនុស្សបើកពេលយប់របស់ខ្លួនប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីតនៅព្រឹកព្រលឹមថ្ងៃចន្ទ ដោយបានចាប់ផ្តើមការវាយប្រហារចំនួន ៥លើក ដែលបានប្រើយានដ្រូនចំនួន ៣៧ គ្រឿង ក្នុងរយៈពេលជាងមួយម៉ោង។ នេះបើយោងតាមក្រសួងការពារជាតិ។

អ្នកនាំពាក្យក្រសួងឧត្តមសេនីយ៍ឯក Turki Al-Maliki បានប្រកាសពីការវាយប្រហារជាបន្តបន្ទាប់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយចាប់ផ្តើមនៅម៉ោង ២: ២២ព្រឹក ម៉ោងក្នុងស្រុក ដោយនិយាយថា ដ្រូនទាំង ៣៧គ្រឿង ដែលកំណត់គោលដៅលើខេត្តភាគខាងកើត ត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោល។
ការវាយប្រហារទាំងនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូ ឌីត លោក Alireza Enayati បានព្យាយាមបង្វែរការស្តីបន្ទោសពីទីក្រុងតេអេរ៉ង់ ដោយចែករំលែកការជូនដំណឹងដែលសន្មតថា ជា ទីបញ្ជាការយោធារបស់អ៊ីរ៉ង់ដែលអះអាងថា «សត្រូវ» កំពុងដាក់ពង្រាយយានដ្រូនដែលក្លែងបន្លំជាដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ ក្រោមឈ្មោះ «យានដ្រូនLucas»។
ការវាយប្រហារថ្មីនេះ បានបង្កើនចំនួនដ្រូនដែលត្រូវបានស្ទាក់ចាប់ នៅក្នុងព្រះរាជាណាចក្រនេះ ដល់ជាង ២៣០គ្រឿង។ ចំនួនដ្រូនសរុបពីការបង្ហោះនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិ ក៏បានបង្ហាញផងដែរថា មីស៊ីលជាង ៣០គ្រាប់ ត្រូវបានបាញ់ទម្លាក់៕
