រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីកន្លែងស្ដុកប្រេងឥន្ធនៈ នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ «រំលោភលើច្បាប់អន្តរជាតិ និងបង្កើតបានជាការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងធំធេង»។
នៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះ លោក Abbas Araghchi បានសរសេរនៅលើបណ្ដាញសង្គ X ថា៖ «ប្រជាពលរដ្ឋប្រឈមនឹងការប៉ះពាល់រយៈពេលវែង ចំពោះសុខភាព និងសុខុមាលភាពរបស់ពួកគេ។ ការបំពុលដី និងទឹកក្រោមដី អាចមានផលប៉ះពាល់ដល់ជំនាន់ក្រោយ»។ ហើយលោកក៏បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអ៊ីស្រាអែល «ចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន»។

ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសង្គ្រាមរួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សប្រហែល ១.៣០០នាក់ រហូតមកដល់ពេលនេះ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ali Khamenei ផងដែរ អរិភាពបានឡើងកម្ដៅខ្លាំងទៅៗ។
អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលកំណត់គោលដៅ លើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលមានធនធានរបស់យោធាអាមេរិក៕

