វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះ បានបដិសេធរបាយការណ៍មួយរបស់សារព័ត៌មាន Financial Times (FT) ដែលបានបង្ហាញថា ដំណើរការសន្តិភាពអ៊ុយក្រែន កំពុងរសាត់បាត់ហើយ ដោយសារតែការយកចិត្តទុកដាក់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឥឡូវនេះ គឺទៅលើអ៊ីរ៉ង់ ហើយហេតុដូច្នេះ លោកកំពុងបាត់បង់ការចាប់អារម្មណ៍លើអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីបានកត់សម្គាល់ពីរបាយការណ៍បែបនេះពីសារព័ត៌មាន ប៉ុន្តែបានឈានដល់ការសន្និដ្ឋានខុសៗគ្នា អំពីឥរិយាបថរបស់លោក Trump ចំពោះដំណើរការចរចាសន្តិភាពអ៊ុយក្រែន។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ការលើកឡើងជាញឹកញាប់របស់លោកប្រធានាធិបតី Trump អំពីអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក បង្ហាញពីភាពផ្ទុយគ្នា។ ដោយវិនិច្ឆ័យលើសេចក្តីថ្លែងការណ៍របស់លោក លោកប្រធានាធិបតី Trump មិនបានបាត់បង់ការចាប់អារម្មណ៍អ្វីទាំងអស់។ លើសពីនេះ លោកកំពុងជំរុញយ៉ាងខ្លាំងឲ្យ (ប្រធានាធិបតីអ៊ុយក្រែន) លោក Volodymyr Zelensky ធ្វើកិច្ចព្រមព្រៀង»។
លោក Trump បានសម្តែងការខកចិត្ត ចំពោះលោក Zelensky នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico កាលពីដើមខែមីនា ដោយនិយាយថា ប្រធានាធិបតីអ៊ុយក្រែន «ត្រូវតែចាប់ផ្តើម ហើយលោកត្រូវតែធ្វើកិច្ចព្រមព្រៀង»។
ជាមួយគ្នានេះ លោក Peskov បាននិយាយបន្ថែមថា រុស្ស៊ីនៅតែចាប់អារម្មណ៍ក្នុងការបន្តការចរចា ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែទីកន្លែង និងកាលបរិច្ឆេទសម្រាប់ការចរចាជុំបន្ទាប់ នៅតែមិនច្បាស់លាស់៕
