នៅក្នុងរបាយការណ៍មួយដែលនឹងត្រូវចេញផ្សាយនៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់សេតវិមាន បានលើកឡើងថា ការធ្វើឲ្យសមត្ថភាពអ៊ីរ៉ង់ចុះខ្សោយ អាចធ្វើឲ្យប្រេងឆៅមានតម្លៃកាន់តែទាប ពីព្រោះការគំរាមកំហែងដែលបង្កឡើងដោយទីក្រុងតេអេរ៉ង់ បានធ្វើឲ្យមាន «បុព្វលាភភេរវកម្ម» (ការបន្ថែមតម្លៃប្រេង) ដែលបាននាំឲ្យតម្លៃប្រេងសកលឡើងខ្ពស់អស់រយៈពេលជាច្រើនទសវត្សរ៍។
លោក Peter Navarro ដែលជាអ្នកដឹកនាំការិយាល័យគោលនយោបាយពាណិជ្ជកម្ម និងផលិតកម្មរបស់សេតវិមាន បានសរសេរនៅក្នុងរបាយការណ៍ចំនួន ១៣ទំព័រថា ភាពតានតឹងជាមួយអ៊ីរ៉ង់ បានបន្ថែមបុព្វលាភ ចន្លោះពី ៥ ទៅ ១៥ដុល្លារ ក្នុងមួយបារ៉ែល ទៅលើតម្លៃប្រេងឆៅ ខណៈដែលទីផ្សារកំណត់តម្លៃរួមបញ្ចូលទាំងហានិភ័យពីការវាយប្រហារ ឬការរំខានតាមរយៈផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ គឺច្រកសមុទ្រ Hormuz។ សារព័ត៌មាន Reuters បានពិនិត្យមើលសេចក្តីព្រាងនៃរបាយការណ៍ដែលរៀបចំដោយការិយាល័យពាណិជ្ជកម្ម និងផលិតកម្មរបស់សេតវិមាន។
សេចក្តីសន្និដ្ឋាននៃរបាយការណ៍នេះ បាននាំឲ្យមានការសង្ស័យពីអ្នកឯកទេសទីផ្សារថាមពល។ លោក Ed Hirs ដែលជាអ្នកសេដ្ឋកិច្ចថាមពលនៅសាកលវិទ្យាល័យ Houston មិនបានឃើញរបាយការណ៍នេះទេ ប៉ុន្តែបាននិយាយថា លោកមិនដឹងពីភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាននៃបុព្វលាភបែបនេះទេ ខណៈពេលដែលវាហាក់ដូចជាមិនអើពើនឹងការចំណាយខ្ពស់ដែលទាក់ទងនឹងវិធានការយោធា ប្រឆាំងនឹងអ៊ីរ៉ង់។
ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានធ្វើឲ្យទីផ្សារថាមពលសកលរង្គោះរង្គើ ដោយនាំឲ្យតម្លៃប្រេងឡើងខ្ពស់ និងតម្លៃប្រេងសាំងហក់ឡើង សម្រាប់អ្នកប្រើប្រាស់អាមេរិក។ ការកើនឡើងភាពតានតឹងនេះ គំរាមកំហែងបង្កភាពស្មុគស្មាញដល់របៀបវារៈសេដ្ឋកិច្ច ក្នុងស្រុករបស់ប្រធានាធិបតី លោក Donald Trump ហើយអាចបណ្ដាលឲ្យប៉ះពាល់ដល់ឱកាសជោគជ័យរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកា។
របាយការណ៍នេះ ស្របនឹងហេតុផលរបស់រដ្ឋបាល ក្នុងការមានវិធីសាស្រ្តម៉ឺងម៉ាត់ ចំពោះអ៊ីរ៉ង់។ របាយការណ៍នេះ សង្កត់ធ្ងន់ថា ការកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ដែលគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ ឬផ្លូវដឹកជញ្ជូន អាចធ្វើឲ្យថយចុះ ឬលុបបំបាត់បុព្វលាភភូមិសាស្ត្រនយោបាយដែលបង្កប់នៅក្នុងតម្លៃប្រេង៕