អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បាននិយាយនៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះថា ការមានទំនាក់ទំនងកំពុងដំណើរការជាមួយភាគីផ្សេងៗគ្នា ដើម្បីធានាបានថា ច្រកសមុទ្រ Hormuz ត្រូវបានបើកពេញលេញ សម្រាប់ទំនិញទៅដល់ឈូងសមុទ្រ និងនាំចេញផលិតផលថាមពលពីតំបន់នេះ។
អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាព ក្នុងអំឡុងពេលមានសង្គ្រាម រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទី៣ ហើយ។ កងកម្លាំងអ៊ីរ៉ង់ បានវាយប្រហារនាវានានា នៅក្នុងច្រកសមុទ្រដ៏តូចចង្អៀត ស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដោយបានរារាំងការផ្គត់ផ្គង់ប្រេងសកល ១ភាគ៥ ដែលជាការរំខានដ៏ធំបំផុតមិនធ្លាប់មាន។
លោក Al-Ansari ក៏បាននិយាយផងដែរថា ការចរចាការទូត ជាមួយអ៊ីរ៉ង់ គឺអាចធ្វើទៅបាន លុះត្រាតែប្រទេសនេះបញ្ឈប់ការវាយប្រហាររបស់ខ្លួន ខណៈដែលទីក្រុងតេអេរ៉ង់កំពុងបង្កើនយុទ្ធនាការបាញ់មីស៊ីល និងយានដ្រូន លើបណ្ដារដ្ឋឈូងសមុទ្រ។
លោកបាននិយាយថា៖ «ប្រសិនបើពួកគេបញ្ឈប់ការវាយប្រហារ នោះយើងអាចរកផ្លូវចេញដោយការទូត។ ប៉ុន្តែដរាបណាប្រទេសរបស់យើងកំពុងត្រូវបានវាយប្រហារ នេះមិនមែនជាពេលវេលា ដើម្បីបង្កើតគណៈកម្មាធិការទេ តែវាគឺជាពេលវេលាប្រកាន់ជំហរគោលការណ៍ខ្ពស់ (លើ) ការការពារប្រទេសរបស់យើង និងដើម្បីឲ្យពួកគេឲ្យបញ្ឈប់ការវាយប្រហារមកលើយើងភ្លាមៗ»។
លោក Al-Ansari ក៏បានបន្ថែមដែរថា ប្រទេសកាតាមិនបានដឹងនោះឡើយ អំពីការសម្របសម្រួលជាផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅពេលនេះ៕