សម្ព័ន្ធមិត្តអាមេរិកជាច្រើនបានបដិសេធការអំពាវនាវរបស់លោក Donald Trump កាលពីថ្ងៃចន្ទ ១៦មីនា ឱ្យបញ្ជូននាវាចម្បាំងទៅអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលទាក់ទាញការរិះគន់ពីប្រធានាធិបតីអាមេរិក ដោយចោទប្រកាន់ដៃគូលោកខាងលិចថាមិនដឹងគុណ បន្ទាប់ពីការគាំទ្រអស់ជាច្រើនទសវត្សរ៍។

សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ស្ថិតនៅក្នុងសប្តាហ៍ទីបី ដែលគ្មានសញ្ញាបញ្ចប់។ ច្រកសមុទ្រ Hormuz ដ៏សំខាន់ ដែលតាមរយៈនោះ២០% នៃលំហូរប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក នៅតែបិទ ដែលធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងការព្រួយបារម្ភពីអតិផរណា។

ជម្លោះនេះបានដាក់បន្ទុកសេដ្ឋកិច្ចលើសម្ព័ន្ធមិត្តអាមេរិករួចហើយ ដែលមិនត្រូវបានពិគ្រោះយោបល់មុនពេលការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ និងដែលបានស៊ូទ្រាំនឹងការរិះគន់យ៉ាងខ្លាំងក្លា និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីលោក Trump ចាប់តាំងពីលោកបានវិលត្រឡប់មកកាន់តំណែងវិញ។

ដៃគូអាមេរិកមួយចំនួន រួមទាំងអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី អង់គ្លេស ជប៉ុន និងអូស្ត្រាលីជាដើម បាននិយាយថា ពួកគេពុំមានផែនការភ្លាមៗដើម្បីបញ្ជូននាវាជួយបើកផ្លូវទឹកយុទ្ធសាស្ត្រឡើងវិញ ដែលអ៊ីរ៉ង់បានបិទដោយប្រើយានដ្រូន និងមីនកងទ័ពជើងទឹក នោះទេ។
លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បានថ្លែងនៅទីក្រុងប៊ែរឡាំងថា ពួកលោកខ្វះអាណត្តិពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ឬណាតូ ដែលតម្រូវក្រោមច្បាប់មូលដ្ឋាន ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល ពុំបានពិគ្រោះជាមួយអាល្លឺម៉ង់មុនពេលចាប់ផ្តើមសង្គ្រាមនោះទេ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Trump បាននិយាយថា ប្រទេសជាច្រើនបានប្រាប់លោកថា ពួកគេត្រៀមខ្លួនជួយ ប៉ុន្តែបានសម្តែងការខកចិត្តចំពោះសម្ព័ន្ធមិត្តយូរអង្វែងមួយចំនួន៕