ប្រភពព័ត៌មានពីតំបន់ឈូងសមុទ្របានសារព័ត៌មានរ៉យទ័រថា ដើមឡើយ បណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ មិនបានស្នើសុំឱ្យសហរដ្ឋអាមេរិក ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែបច្ចុប្បន្ន រដ្ឋជាច្រើនកំពុងជំរុញឱ្យអាមេរិក កុំបញ្ឈប់សកម្មភាពពាក់កណ្តាលទី ដោយទុកឱ្យសាធារណរដ្ឋអ៊ិស្លាមមួយនេះ នៅតែមានសមត្ថភាពគំរាមកំហែងដល់ខ្សែជីវិតប្រេងរបស់តំបន់ឈូងសមុទ្រ និងសេដ្ឋកិច្ចដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនោះឱ្យសោះ។

ក្នុងពេលជាមួយគ្នានេះដែរ ប្រភពទាំងនោះ រួមទាំងអ្នកការទូតលោកខាងលិច និងអារ៉ាប់ចំនួន ៥រូបទៀត បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន កំពុងដាក់សម្ពាធលើបណ្តារដ្ឋឈូងសមុទ្រ ឱ្យចូលរួមក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល។ យោងតាមប្រភពចំនួន៣ នៅក្នុងចំណោមនោះ បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump ចង់បង្ហាញឱ្យឃើញថាមានការគាំទ្រក្នុងតំបន់ចំពោះយុទ្ធនាការនេះ ដើម្បីពង្រឹងភាពស្របច្បាប់ជាអន្តរជាតិ ក៏ដូចជាការគាំទ្រនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ផងដែរ។

លោក Abdulaziz Sager ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវឈូងសមុទ្រ ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអ៊ូឌីត និងអ្នកដែលដឹងការណ៍មួយចំនួនរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា៖ «មានអារម្មណ៍រីករាលដាលពេញតំបន់ឈូងសមុទ្រថា អ៊ីរ៉ង់បានឆ្លងហួសបន្ទាត់ក្រហមរបស់គ្រប់ប្រទេសក្នុងឈូងសមុទ្រទាំងអស់»។ លោកបានបន្តថា៖ «ដំបូងឡើយ តំបន់បានការពារពួកគេ និងប្រឆាំងនឹងសង្គ្រាម ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្តើមបើកការវាយប្រហារមកលើតំបន់ ពួកគេក៏ក្លាយជាសត្រូវ»។

ខណៈសង្គ្រាមបានឈានចូលដល់សប្តាហ៍ទី៣ ជាមួយនឹងការវាយប្រហារតាមអាកាសពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាន់តែខ្លាំងឡើង ហើយអ៊ីរ៉ង់បានបាញ់តបតទៅលើមូលដ្ឋានទ័ពអាមេរិក និងគោលដៅស៊ីវិលនៅទូទាំងតំបន់ឈូងសមុទ្រ ប្រភពនៅក្នុងតំបន់ឈូងសមុទ្របានឱ្យដឹងថា បរិយាកាសទូទៅក្នុងចំណោមមេដឹកនាំទាំងនោះគឺច្បាស់ណាស់៖ លោក Trump គួរតែបំបាត់សមត្ថភាពយោធារបស់អ៊ីរ៉ង់ឱ្យអស់គ្រប់ជ្រុងជ្រោយ៕