បណ្តាញអគ្គិសនីជាតិរបស់គុយបា បានដួលរលំកាលពីថ្ងៃចន្ទ (១៦ មីនា) នេះបើតាមការបញ្ជាក់របស់ស្ថាប័នគ្រប់គ្រងបណ្តាញអគ្គិសនីរបស់ប្រទេសនេះ ដែលបានធ្វើឱ្យមនុស្សប្រហែល ១០លាននាក់ ពុំមានអគ្គិសនីប្រើប្រាស់ឡើយ ស្របពេលមានការបិទខ្ទប់ប្រេងឥន្ធនៈដែលដាក់ចេញដោយសហរដ្ឋអាមេរិក ដែលបានធ្វើឱ្យប្រព័ន្ធផលិតថាមពលដ៏ទ្រុឌទ្រោមរបស់ប្រទេសកោះនេះ កាន់តែទន់ខ្សោយ។

ប្រតិបត្តិករអគ្គិសនី UNE បាននិយាយលើបណ្តាញសង្គមថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៃការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនេះ ដែលជាករណីចុងក្រោយបង្អស់ក្នុងចំណោមការដាច់អគ្គិសនីជាបន្តបន្ទាប់ដែលអូសបន្លាយពេលរាប់ម៉ោង ឬរាប់ថ្ងៃ ហើយកាលពីចុងសប្តាហ៍មុន បញ្ហានេះថែមទាំងបានបង្កឱ្យមានការតវ៉ាយ៉ាងហិង្សាដ៏កម្រមួយ នៅក្នុងប្រទេសដែលដឹកនាំតាមបែបកុម្មុយនីស្តមួយនេះ។

ក្រុមមន្ត្រីបានច្រានចោលលទ្ធភាពនៃការខូចខាតរោងចក្រអគ្គិសនីធំៗ ប៉ុន្តែនៅតែមិនទាន់អាចកំណត់មូលហេតុដើមនៃការដួលរលំបណ្តាញអគ្គិសនីនេះនៅឡើយទេ ដោយសន្មតថា អាចជាបញ្ហាទាក់ទងនឹងការបញ្ជូនចរន្ត។ ក្រុមមន្ត្រីបាននិយាយថា ពួកគេបានចាប់ផ្តើមស្តារថាមពលឡើងវិញដល់បណ្តុំសៀគ្វីតូចៗ ឬប្រព័ន្ធអគ្គិសនីខ្នាតតូចនៅទូទាំងប្រទេស ដែលជាជំហានដំបូងដ៏ចាំបាច់ក្នុងការនាំយកបណ្តាញអគ្គិសនីទាំងមូលឱ្យដំណើរការឡើងវិញ។

វិបត្តិនេះកើតឡើងស្របពេលដែលសហរដ្ឋអាមេរិក បង្កើនសម្ពាធកាន់តែខ្លាំងលើគុយបា ចាប់តាំងពីខែមករាមក។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានកាត់ផ្តាច់ការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា មិនឱ្យទៅកាន់គុយបាឡើយ ហើយបានគំរាមដាក់ពន្ធលើប្រទេសណាក៏ដោយដែលលក់ប្រេងឱ្យគុយបា ដែលជាការដាក់សម្ពាធយ៉ាងថប់ដង្ហើមលើបណ្តាញអគ្គិសនីដ៏ចាស់បុរាណស្រាប់របស់ប្រទេសកោះការ៉ាអ៊ីពមួយនេះ៕