គ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីលលោក Carlo Ancelotti បានបញ្ជាក់ថា Neymar មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពកំដៅសាច់ដុំមុន World Cup ឡើយដោយសារមិនទាន់រឹងមាំ ១០០%។
ប្រេស៊ីលនឹងត្រូវជួបបារាំងនៅថ្ងៃទី ២៦ ខែមីនានេះនៅទីក្រុង Boston សហរដ្ឋអាមេរិកមុនបន្តជួបក្រូអាស៊ីនៅថ្ងៃទី ៣១ នៅ Orlando ខណៈក្រុមជើងឯក ៥ សម័យប្រេស៊ីលកំពុងត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោករដូវក្តៅនេះនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។

អតីតអ្នកចាត់ការ Real Madrid រូបនេះបានបន្តថា Neymar នៅតែអាចមានមុខនៅ World Cup ប្រសិនបើរូបគេ រឹងមាំ ជាពីរបួស ១០០% តែសម្រាប់ការប្រកួតមិត្តភាពចំពោះមុខនៅពេលនេះអតីតខ្សែប្រយុទ្ធ Barcelona និង PSG រូបនេះមិនអាចបង្ហាញខ្លួនបានឡើយ។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះក៏បានអវត្តមានពី Santos ដែរប៉ុន្មានប្រកួតចុងក្រោយដោយសារបញ្ហាសាច់ដុំ និងមិនដែលបង្ហាញខ្លួនឱ្យប្រេស៊ីលឡើយតាំងពីមានរបួសជង្គង់ធ្ងន់តាំងពីខែតុលាឆ្នាំ ២០២៣។
សម្រាប់ការកោះហៅចូលក្រុមជម្រើសជាតិនៅពេលនេះលោក Ancelotti ក៏បានកោះហៅកីឡាករវ័យ ១៩ ឆ្នាំ Endrick ផងដែរ រួមជាមួយខ្សែប្រយុទ្ធ Brentford, Thiago និងខ្សែប្រយុទ្ធ Bournemouth, Rayan។
ប្រេស៊ីលនឹងត្រូវមានការប្រកួតមិត្តភាពចុងក្រោយមួយទៀតទល់នឹងអេហ្ស៊ីប នៅខែមិថុនាខាងមុខ មុនចាប់ផ្តើមយុទ្នាការ World Cup ពូល C ទល់នឹងម៉ារ៉ុកថ្ងៃទី ១៣ ខែមិថុនាដដែល៕ អត្ថបទ៖នាង សុភាវុធ

