យោងតាមសាក្សីបាននិយាយថា មានការផ្ទុះជាច្រើនលើកបានវាយប្រហារទីក្រុង Maiduguri ភាគឦសានប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សច្រើននាក់ និងរងរបួសរាប់សិបនាក់ផ្សេងទៀត ដោយនគរបាលបានដាក់ពង្រាយក្រុមបោសសម្អាតគ្រឿងផ្ទុះទៅកាន់ទីតាំងចំនួនបីកន្លែង បន្ទាប់ពីមាន «ហេតុការណ៍ដែលសង្ស័យថា មានគ្រាប់បែកអត្តឃាត» ជាច្រើនគ្រាប់។

ការផ្ទុះទាំងនេះ បានកើតឡើងកាលពីថ្ងៃចន្ទ នៅច្រកចូលមន្ទីរពេទ្យសាកលវិទ្យាល័យ Maiduguri និងផ្សារក្នុងស្រុកពីរកន្លែង ដែលត្រូវបានគេស្គាល់ថាជាការិយាល័យប្រៃសណីយ៍និងផ្សារថ្ងៃច័ន្ទ នេះបើយោងតាមលោក Sirajo Abdullahi ប្រធានប្រតិបត្តិការនៅទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នជាតិប្រទេសនីហ្សេរីយ៉ា ក្នុងទីក្រុង Maiduguri។

លោក Abdullahi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា «មានអ្នកស្លាប់ និងរងរបួសច្រើន» ហើយយើងមិនអាចផ្តល់តួលេខពិតប្រាកដបាននៅឡើយទេ រហូតដល់យើងពិនិត្យមើលអស់»។ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដែលសង្ស័យនេះនៅឡើយទេ។
ការវាយប្រហារនៅទីក្រុង Maiduguri ជារដ្ឋធានីនៃរដ្ឋ Borno បានធ្វើឡើងនៅពេលដែលប្រទេសនីហ្សេរីយ៉ា កំពុងប្រយុទ្ធប្រឆាំងវិបត្តិសន្តិសុខដ៏ស្មុគស្មាញពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធផ្សេងៗគ្នានៅភាគខាងជើងប្រទេស។ ក្រុម Boko Haram និងក្រុមសម្ព័ន្ធអាយស៊ីស នៅក្នុងខេត្ត West Africa (ISWAP) បានធ្វើការវាយប្រហារជាច្រើនលើកលើមូលដ្ឋានកងទ័ពនៅទូទាំងរដ្ឋ Borno ក្នុងខែនេះ។ អភិបាលរដ្ឋ Borno លោក Babagana Zulum បានថ្កោលទោសការបំផ្ទុះគ្រាប់បែកនិងបាននិយាយថា «ការកើនឡើងនៃការវាយប្រហារថ្មីៗនេះ មានជាប់ទាំក់ទងជាមួយប្រតិបត្តិការយោធាដ៏ខ្លាំងក្លានៅក្នុងព្រៃ Sambisa » ដែលជាទីតាំងលាក់ខ្លួនដ៏រឹងមាំរបស់ក្រុមប្រដាប់អាវុធ។