ក្លិបបាល់ទាត់តោខៀវ Chelsea បានទទួលរងការពិន័យ ១០ លានផោន និងព្យួរការពិន័យមិនឱ្យទិញកីឡាករបន្ថែម ដោយសារការទិញដូរកីឡាករបិទបាំងតម្លៃផ្ទេរជាមួយនឹងភ្នាក់ងារមិនផ្លូវការចន្លោះឆ្នាំ ២០១១ ដល់ ២០១៨។
ការពិន័យ ១០ លានផោនដោយ Premier League នេះ ជាការពិន័យជាទឹកប្រាក់ខ្ពស់បំផុតមួយ បន្ទាប់ពី Premier League ធ្លាប់ពិន័យ West Ham ៥.៥ លានផោនដែរជុំវិញការផ្ទេរចូល Javier Mascherano និង Carlos Tevez នៅឆ្នាំ ២០០៧។
យ៉ាងណាក្តី Chelsea បានគេចផុតពីការពិន័យកាត់ពិន្ទុនៅ Premier League។
ជាមួយគ្នានោះដែរ Chelsea នឹងត្រូវអនុវត្តពិន័យភ្លាមៗ ក្នុងការហាមប្រាមរយៈពេល ៩ ខែមិនឱ្យទិញដូរកីឡាករថ្នាលយុវជន និងពិន័យជាទឹកប្រាក់ ៧៥ ម៉ឺនផោនផ្សេងជុំវិញការចុះបញ្ជីកីឡាករយុវជនចន្លោះឆ្នាំ ២០១៩ ដល់ ២០២២។
Premier League បានបង្ហាញរបាយការណ៍ជុំវិញការផ្ទេរដែលមិនមានការចុះបញ្ជីត្រឹមត្រូវ និងលាក់តម្លៃផ្ទេរផ្សេងៗរួមមាន Eden Hazard, Samuel Eto’O, Willian, Ramires, David Luiz, Andre Schurrle និង Nemanja Matic។
ការទូទាត់ទៅឱ្យតំណាងកីឡាករបួននាក់ផ្សេងទៀតត្រូវបានរៀបរាប់លម្អិតដោយ Premier League ។ ប៉ុន្តែឈ្មោះរបស់ពួកគេត្រូវបានគេកែប្រែក្នុងរបាយការណ៍។ មិនទាន់មានហេតុផលណាមួយត្រូវបានគេផ្តល់ឱ្យសម្រាប់ពួកគេដែលត្រូវលាក់បាំង និងមិនបង្ហាញជាសាធារណៈឡើយ។
Chelsea បានទទួលយកការពិន័យនេះ ខណៈក្លិបនៅពេលនោះស្ថិតក្រោមការវិនិយោគរបស់សេដ្ឋីរុស្ស៊ីលោក Roman Abramovich។
រំលឹកថា Chelsea បានឈ្នះជើងឯក Premier League ពីរលើក FA Cup ពីរលើក Champions League មួយលើក Europa League មួយលើក និង League Cup មួយលើកអំឡុងឆ្នាំ ២០១១ ដល់ ២០១៨៕ អត្ថបទ៖នាង សុភាវុធ
