រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ (១៦ មីនា) បានប្រាប់អ្នកការទូតអាមេរិកដែលនៅបរទេស ឱ្យជំរុញដល់បណ្តាសម្ព័ន្ធមិត្ត ឱ្យកំណត់ឈ្មោះកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ ថាជាក្រុមភេរវករ ដោយលើកឡើងពីកំណើនហានិភ័យនៃការវាយប្រហារ នេះបើតាមបណ្ដាញសារផ្ទៃក្នុងរបស់ក្រសួងការបរទេស ដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សេចក្តីណែនាំនេះ ចុះថ្ងៃទី១៦ ខែមីនា និងចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ត្រូវបានផ្ញើទៅកាន់គ្រប់ប៉ុស្តិ៍ការទូត និងកុងស៊ុលអាមេរិកទាំងអស់ទូទាំងពិភពលោក។ សេចក្តីណែនាំបានស្នើឱ្យអ្នកការទូតអាមេរិក បញ្ជូនសារនេះទៅកាន់សមភាគីរបស់ពួកគេ «ក្នុងកម្រិតសមស្របខ្ពស់បំផុត» ឱ្យបានត្រឹមថ្ងៃទី២០ ខែមីនា ដោយបន្ថែមថា កិច្ចប្រឹងប្រែងតស៊ូមតិដើម្បីដាក់ក្រុមទាំងនេះចូលក្នុងបញ្ជីខ្មៅ គួរតែត្រូវបានសម្របសម្រួលជាមួយសមភាគីអ៊ីស្រាអែល។
ចំណុចសំខាន់មួយក្នុងបណ្ដាញសារនោះលើកឡើងថា៖ «ជាមួយនឹងកំណើនហានិភ័យនៃការវាយប្រហារពីសំណាក់អ៊ីរ៉ង់ ដៃគូ និងក្រុមប្រយុទ្ធតំណាងរបស់ពួកគេ រដ្ឋាភិបាលទាំងអស់ត្រូវតែចាត់វិធានការឱ្យឆាប់រហ័ស ដើម្បីកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ និងក្រុមភេរវករដែលចងសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ពីការវាយប្រហារលើប្រជាជាតិ និងប្រជាពលរដ្ឋរៀងៗខ្លួន»។
កងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC គឺជាកងកម្លាំងយោធាសម្រាំង ដែលមានគោលបំណងការពាររបបគ្រប់គ្រងរបស់បព្វជិតមូស្លីមនិកាយស៊ីអ៊ីតនៅអ៊ីរ៉ង់ ហើយកងកម្លាំងនេះក៏គ្រប់គ្រងផ្នែកធំៗនៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ផងដែរ។ ទាំងក្រុម IRGC និងក្រុមប្រដាប់អាវុធមូស្លីមនិកាយស៊ីអ៊ីត ហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ ត្រូវបានអាមេរិក និងប្រទេសមួយចំនួនទៀតកំណត់ជាក្រុមភេរវកររួចទៅហើយ៕

