ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ (១៧ មីនា) នេះថា សន្តិសុខ និងសុវត្ថិភាពត្រូវតែជាអាទិភាពចម្បងសម្រាប់ការប្រគំតន្ត្រីរបស់ក្រុមតារាចម្រៀង K-pop ដ៏ល្បីល្បាញ BTS នៅថ្ងៃសៅរ៍ ទី២១ ខែមីនា ខាងមុខនេះក្នុងទីក្រុងសេអ៊ូល រួមទាំងការត្រៀមខ្លួនសម្រាប់លទ្ធភាពនៃ «សកម្មភាពភេរវកម្ម» ណាមួយ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ លោក Lee បាននិយាយថា «ការប្រគំតន្ត្រី BTS នៅទីលានចតុរង្គ Gwanghwamun ដែលពិភពលោកកំពុងតាមដាន គឺនៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ»។ លោកបន្តថា «បញ្ហាសំខាន់គឺសុវត្ថិភាព។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងរៀបចំឱ្យបានហ្មត់ចត់សម្រាប់គ្រប់ស្ថានភាពដែលអាចកើតមាន»។ ដោយសំដៅលើលទ្ធភាពនៃអំពើភេរវកម្មផងដែរ លោក Lee សង្កត់ធ្ងន់ថា «សូមធានាឱ្យបាននូវការត្រៀមលក្ខណៈពេញលេញចំពោះរឿងនេះ»។
ក្រុមចម្រៀង BTS នឹងរៀបចំការប្រគំតន្ត្រីក្រោមចំណងជើងថា «BTS THE COMEBACK LIVE: ARIRANG» នៅវេលាម៉ោង ៨យប់ ថ្ងៃទី២១ ខែមីនា ចុងសប្ដាហ៍នេះ នៅបរិវេណជុំវិញទីលានចតុរង្គ Gwanghwamun របស់កូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះគឺជាការវិលត្រឡប់មកវិញជាមួយអាល់ប៊ុមពេញទី៥ របស់ពួកគេដែលមានចំណងជើងថា «Arirang» ដែលបានចេញផ្សាយនៅប៉ុន្មានថ្ងៃមុននោះ។
ទីតាំងទាំងមូលនឹងក្លាយជាកន្លែងឈរមើល ហើយការសម្តែងក៏អាចទស្សនាបានតាមរយៈអេក្រង់ LED ដ៏ធំដែលត្រូវបានដំឡើងនៅទីនោះផងដែរ។ នគរបាលប៉ាន់ប្រមាណថា មនុស្សរហូតដល់ ២៦ម៉ឺននាក់ រួមទាំងអ្នកដែលមានសំបុត្រផ្លូវការចំនួន ២២.០០០នាក់ អាចនឹងទៅកាន់ទីតាំងនោះ។ កម្លាំងនគរបាលសន្តិសុខប្រហែល ៤.៨០០ នាក់ រំពឹងថានឹងត្រូវដាក់ពង្រាយនៅថ្ងៃប្រគំតន្ត្រី៕


