អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ថា ខ្លួនមានផែនការលម្អិតសម្រាប់សង្គ្រាមយ៉ាងហោចណាស់បីសប្តាហ៍ទៀត ដោយបានបាញ់ផ្លោងលើទីតាំងនានានៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីពេលយប់ ខណៈការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ បានបិទអាកាសយានដ្ឋានឌូបៃជាបណ្តោះអាសន្ន និងវាយប្រហាររោងចក្រប្រេងដ៏សំខាន់មួយកន្លែងនៅក្នុងប្រទេសអារ៉ាប់រួម។

សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់បច្ចុប្បន្ន បានឈានចូលដល់សប្តាហ៍ទីបីរបស់ខ្លួនដោយគ្មានសញ្ញាដល់ទីបញ្ចប់ច្បាស់លាស់ណាមួយនៅឡើយ ដោយភាគច្រើនបានបិទច្រកសមុទ្រ Hormuz ដែលតាមរយៈនេះមាន២០ភាគរយនៃលំហូរប្រេងនិងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកឆ្លងកាត់ ជំរុញឱ្យតម្លៃថាមពលកើនឡើង និងបង្កើនការព្រួយបារម្ភពីការកើនឡើងអតិផរណាសកល។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យសម្ព័ន្ធមិត្តនៃប្រទេសនានាជួយបើកឡើងវិញច្រកសមុទ្រនេះ និងបាននិយាយថាសម្ព័ន្ធមិត្តការពារជាតិណាតូដឹកនាំដោយសហរដ្ឋអាមេរិកប្រឈម នឹងអនាគត «អាក្រក់ខ្លាំង» ប្រសិនបើសមាជិករបស់ខ្លួនមិនជួយ។ ប៉ុន្តែខណៈសម្ព័ន្ធមិត្តបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបើកច្រកឡើងវិញ ប្រទេសទាំងនោះមានការព្រួយបារម្ភអំពីការចូលរួមក្នុងសកម្មភាពយោធា ណាមួយ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Nadav Shoshani បានប្រាប់អ្នកសារព័ត៌មានថា មានផែនការប្រតិបត្តិការលម្អិតសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់សម្រាប់រយៈពេលបីសប្តាហ៍ខាងមុខ និងផែនការផ្សេងទៀត នឹងបន្តទៅមុខទៀត។
អ៊ីស្រាអែលនិយាយថា ខ្លួនចង់ធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងខ្លួនចុះខ្សោយ ដោយវាយប្រហារហេដ្ឋារចនាសម្ព័ន្ធមីស៊ីលបាលីស្ទីក ទីតាំងផលិតនុយក្លេអ៊ែរ និងឧបករណ៍សន្តិសុខ និងបាននិយាយថា ខ្លួននៅតែមានគោលដៅរាប់ពាន់កន្លែងទៀតដែលត្រូវវាយប្រហារ។