ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានក្រុមមន្រ្តីជូនដំណឹងជាមុនរួចហើយថា ការវាយប្រហារលើអ៊ីរ៉ង់ អាចនឹងបង្កឱ្យមានការសងសឹកប្រឆាំងនឹងសម្ព័ន្ធមិត្តឈូងសមុទ្ររបស់អាមេរិក នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក និងប្រភពផ្សេងទៀតដែលដឹងពីរបាយការណ៍ចារកម្ម ប៉ុន្តែកាលពីថ្ងៃចន្ទ (១៦ មីនា) លោកបានលើកឡើងថា ប្រតិកម្មតបរបស់ទីក្រុងតេអេរ៉ង់ ដែលដាក់គោលដៅលើរដ្ឋឈូងសមុទ្រ គឺជារឿងដ៏គួរភ្ញាក់ផ្អើលខ្លាំងណាស់។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយតម្លៃចារកម្មសម្ងាត់មុនសង្រ្គាម មិនបាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់គឺជា «រឿងច្បាស់ការណ៍» នោះទេ ប៉ុន្តែគឺពិតជាស្ថិតនៅក្នុង «បញ្ជីនៃលទ្ធផលដែលអាចកើតមាន»។
កាលពីថ្ងៃចន្ទ លោក Trump បាននិយាយដល់ទៅពីរដងថា ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ប្រឆាំងនឹងកាតា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន និងកូវ៉ែត គឺជារឿងភ្ញាក់ផ្អើលមួយ។ លោកបាននិយាយថា៖ «អ៊ីរ៉ង់ មិនគួរតាមប្រមាញ់បណ្តាប្រទេសផ្សេងទៀតទាំងអស់នេះនៅមជ្ឈិមបូព៌ាឡើយ។ ពុំមាននរណាម្នាក់រំពឹងទុកបែបនោះទេ។ លោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់»។
យោងតាមប្រភពពីរផ្សេងទៀតដែលដឹងពីបញ្ហានេះបានឱ្យដឹងថា លោក Trump ក៏ត្រូវបានក្រុមមន្រ្តីរាយការណ៍ប្រាប់មុនពេលប្រតិបត្តិការថា ទីក្រុងតេអេរ៉ង់ទំនងជានឹងបិទច្រកសមុទ្រហ័រមូស ដែលមានសារៈសំខាន់ខ្លាំងខាងសេដ្ឋកិច្ច។ បច្ចុប្បន្ន អ៊ីរ៉ង់បានបញ្ឈប់ការដឹកជញ្ជូនស្ទើរតែទាំងអស់តាមរយៈច្រកសមុទ្រហ័រមូស ជាទីឆ្លងកាត់សម្រាប់ការផ្គត់ផ្គង់ប្រេង ២០% របស់ពិភពលោក ដែលបង្កឱ្យតម្លៃថាមពលសកលហក់ឡើងខ្ពស់៕


