កាលពីថ្ងៃចន្ទ (១៦ មីនា) អ៊ីស្រាអែល បានព្រមានថា ជនភៀសខ្លួនលីបង់ ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារយុទ្ធនាការយោធារបស់អ៊ីស្រាអែល នឹងមិនអាចត្រឡប់ទៅវិញបានជាដាច់ខាត រហូតទាល់តែសុវត្ថិភាពរបស់ប្រជាជនអ៊ីស្រាអែលដែលរស់នៅក្បែរព្រំដែនត្រូវបានធានា ខណៈកងទ័ពអ៊ីស្រាអែល បានពង្រីកប្រតិបត្តិការជើងគោក និងវាយលុកចូលទៅកាន់តំបន់ថ្មីៗនៃភាគខាងត្បូងប្រទេសលីបង់។

យោងតាមក្រសួងសុខាភិបាលលីបង់ មនុស្សជិត ៩០០នាក់ នៅលីបង់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ហើយមនុស្សជាង ១លាននាក់ ត្រូវបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង។ នៅក្នុងសន្និសីទខ្លីមួយ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានប្រាប់អ្នកយកព័ត៌មានថា៖ ទាហានកំពុងធ្វើប្រតិបត្តិការជើងគោកនៅក្នុង «ទីតាំងថ្មីៗ» ដោយពណ៌នាពីការវាយលុកចុងក្រោយនេះថាមាន «លក្ខណៈកំណត់ និងចំគោលដៅ»។
ប្រតិបត្តិការដែលត្រូវបានពង្រីកនេះ បានចាប់ផ្តើមប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោករដ្ឋមន្ត្រីការពារជាតិ Israel Katz បាននិយាយថា យោធាត្រូវបានបញ្ជាឱ្យពង្រីកយុទ្ធនាការរបស់ខ្លួន។ បន្ទាប់មក លោកព្រមានថា លីបង់អាចនឹងប្រឈមនឹងការបាត់បង់ទឹកដី និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន រហូតទាល់តែក្រុមសកម្មប្រយុទ្ធហេសបូឡា ត្រូវបានដកហូតអាវុធ។
យោធាអ៊ីស្រាអែល ដែលកាន់កាប់ទីតាំងចំនួនប្រាំរួចទៅហើយក្នុងភាគខាងត្បូងលីបង់ ចាប់តាំងពីមានបទឈប់បាញ់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយក្រុមហេសបូឡា បានបញ្ជូនកម្លាំងបន្ថែមទៀតទៅក្នុងប្រទេសនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយនេះ បាញ់រ៉ូកែតជាច្រើនគ្រាប់កាលពីថ្ងៃទី២ ខែមីនា ឆ្ពោះទៅអ៊ីស្រាអែល ដែលទាញទម្លាក់លីបង់ ឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាមក្នុងតំបន់ដែលកំពុងរីកធំឡើង៕

