ប្រទេសកេនយ៉ា បាននិយាយកាលពីថ្ងៃចន្ទថា ពលរដ្ឋរបស់ខ្លួននឹងលែងប្រយុទ្ធឲ្យរុស្ស៊ីនៅអ៊ុយក្រែនទៀតហើយ បន្ទាប់ពីទំហំនៃការជ្រើសរើសទាហានរបស់រុស្ស៊ីបានបង្កឲ្យមានកំហឹងនៅក្នុងប្រទេសអាហ្វ្រិកមួយចំនួន។ រដ្ឋមន្ត្រីការបរទេសកេនយ៉ា លោក Musalia Mudavadi បានធ្វើការប្រកាសបែបនេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងមូស្គូ។

លោក Mudavadi បាននិយាយថា ទីក្រុងណៃរ៉ូប៊ី និងទីក្រុងមូស្គូ បានព្រមព្រៀងលើការសម្រេចចិត្តនេះ ហើយសេវាកុងស៊ុលនឹងត្រូវបានរៀបចំសម្រាប់ប្រជាជនកេនយ៉ាដែលត្រូវការជំនួយតាមរយៈបណ្តាញផ្នែកការទូតត្រឹមត្រូវ។ របាយការណ៍ចារកម្មរបស់ប្រទេសកេនយ៉ាបានបង្ហាញថា ពលរដ្ឋកេនយ៉ាជាង ១.០០០នាក់ត្រូវបានជ្រើសរើសឱ្យចូលរួមប្រយុទ្ធនៅអ៊ុយក្រែន ច្រើនជាង៥ដងដែលអាជ្ញាធរបានប៉ាន់ប្រមាណកាលពីពេលមុន។ ប្រទេសកេនយ៉ានិយាយថា ពលរដ្ឋរបស់ខ្លួនត្រូវបានទាក់ទាញដោយផ្តល់ប្រាក់ខែប្រចាំខែរាប់ពាន់ដុល្លារ និងប្រាក់រង្វាន់ជាច្រើនទៀត។

លោក Lavrov បាននិយាយថា ពលរដ្ឋកេនយ៉ាបានចុះហត្ថលេខាដោយស្ម័គ្រចិត្តដើម្បីចូលរួមជាមួយកងទ័ពរុស្ស៊ីក្នុងការប្រយុទ្ធ។ វាមិនច្បាស់នោះទេថាតើពលរដ្ឋអាហ្វ្រិកប៉ុន្មាននាក់បានប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងគីវបានដាក់ចំនួនជាង ១.៧០០នាក់នៅខាងរុស្ស៊ី។
លោក Mudavadi កាលពីថ្ងៃចន្ទបានសរសើរទំនាក់ទំនងរបស់ប្រទេសកេនយ៉ាជាមួយរុស្ស៊ី និងបាននិយាយថា ប្រទេសទាំងពីរនៅតែអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ទេសចរណ៍ និងកសិកម្ម។