មន្ត្រីជាន់ខ្ពស់អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo នៅថ្ងៃអង្គារ ១៧ មីនានេះ បាននិយាយថា លោកជឿជាក់ថា ដំណើរការពិនិត្យផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកសម្រាប់ការលក់អាវុធកញ្ចប់ទីពីរទៅកាន់កោះនេះកំពុងដំណើរការទៅតាមកាលវិភាគ។

សារព័ត៌មាន Reuters បានចុះផ្សាយកាលពីសប្តាហ៍មុន ដោយដកស្រង់ប្រភពព័ត៌មានដែលបានរាយការណ៍អំពីការពិភាក្សា បានឲ្យដឹងថា កញ្ចប់អាវុធដ៏សំខាន់មួយរបស់អាមេរិកសម្រាប់កោះតៃវ៉ាន់មានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ដែលរួមមានប្រព័ន្ធស្ទាក់ចាប់មីស៊ីលទំនើប បានត្រៀមរួចរាល់សម្រាប់ការយល់ព្រមពីប្រធានាធិបតី Donald Trump ហើយអាចត្រូវបានចុះហត្ថលេខាបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅកាន់ប្រទេសចិន ។

ប៉ុន្តែកាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា លោកកំពុងស្វែងរកការពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅដើមខែមេសា ដោយសារតែសង្គ្រាមអ៊ីរ៉ង់។នៅពេលសួរថាតើការពន្យារពេលនៃដំណើរទស្សនកិច្ចនេះអាចប៉ះពាល់ដល់ការលក់អាវុធថ្មីទៅកាន់កោះតៃវ៉ាន់ដែរឬទេ លោក Koo បាននិយាយថា រដ្ឋាភិបាលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

លោកបាននិយាយថា ដូចដែលទាំងអស់គ្នាដឹងស្រាប់ហើយ នីតិវិធីពិនិត្យផ្ទៃក្នុងឡើងវិញរបស់ពួកគេកំពុងដំណើរការទៅតាមកាលវិភាគ។រូបលោកមិនគិតថាពួកលោកបានទទួលព័ត៌មានពាក់ព័ន្ធណាមួយដែលបង្ហាញពីការពន្យារពេលនោះទេ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន បានទាមទារម្តងហើយម្តងទៀតឱ្យបញ្ចប់ការលក់បែបនេះ។ប្រធានាធិបតីចិន Xi Jinping បានប្រាប់លោក Trump កាលពីខែកុម្ភៈថា ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ត្រូវតែដោះស្រាយដោយការប្រុងប្រយ័ត្ន។ សហរដ្ឋអាមេរិក ដែលកាលពីខែធ្នូ បានបង្ហាញការលក់អាវុធចំនួន ១១ ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ នៅមិនទាន់បានបង្ហាញជាផ្លូវការនូវកញ្ចប់ទីពីរនៅឡើយទេ៕