ប្រធានអង្គការសមុទ្រអន្តរជាតិ (IMO) លោក Arsenio Dominguez បាននិយាយថា ការអមដំណើរដោយកងទ័ពជើងទឹក ដើម្បីការពារនាវាដែលឆ្លងកាត់តាមច្រកសមុទ្រហ័រមូស នឹងមិន «ធានាបាន ១០០ ភាគរយ» នូវសុវត្ថិភាពនៃនាវាដែលព្យាយាមឆ្លងកាត់ផ្លូវទឹកនេះទេ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times (FT) នៅថ្ងៃអង្គារ (១៧ មីនា) នេះ។

លោក Dominguez បានប្រាប់បទសម្ភាសន៍ FT ថា ជំនួយពីយោធា «មិនមែនជាដំណោះស្រាយរយៈពេលវែង ឬប្រកបដោយចីរភាព» ក្នុងការបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញនោះឡើយ។ ច្រកសមុទ្រហ័រមូស ដែលជាកន្លែងឆ្លងកាត់ ២០% នៃប្រេងនិងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក នៅតែបន្តបិទចរាចរណ៍ ដែលបង្កឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងមានក្ដីបារម្ភពីអតិផរណាទូទាំងពិភពលោក។

ការបិទច្រកសមុទ្រនេះ ក៏កំពុងបង្ខំឱ្យបណ្ដាញផ្គត់ផ្គង់ងាកទៅរកច្រកធ្វើដំណើរដែលមានតម្លៃថ្លៃ ដើម្បីរក្សាលំហូរនៃទំនិញនាំចូលចាំបាច់ ខណៈក្រុមហ៊ុនដឹកជញ្ជូនកំពុងប្រណាំងប្រជែងគ្នាដើម្បីដោះស្រាយបញ្ហាដ៏ឈឺក្បាលនៃការផ្លាស់ប្តូរគោលដៅនាវា ការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងការរក្សាទំនិញដែលឆាប់ខូច កុំឱ្យខូចគុណភាព។

ក្រុមប្រឹក្សា IMO នឹងជួបប្រជុំគ្នាក្នុងសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងឡុងដ្រ៍ ដើម្បីដោះស្រាយផលប៉ះពាល់លើការដឹកជញ្ជូនតាមនាវា និងអ្នកបើកបរនាវា ដែលជាលទ្ធផលនៃជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនថា «មិនដឹងគុណស្រ័យ» បន្ទាប់ពីប្រទេសជាច្រើនបានបដិសេធការទាមទាររបស់លោក ក្នុងការបញ្ជូននាវាចម្បាំងទៅអមដំណើរការពារនាវាដឹកប្រេងតាមច្រកសមុទ្រហ័រមូស៕