ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ (១៧ មីនា) នេះថា សភាប្រជាជនកំពូលដែលទើបជាប់ឆ្នោតថ្មីរបស់កូរ៉េខាងជើង នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ ដើម្បីពិភាក្សាលើការកែសម្រួលរដ្ឋធម្មនុញ្ញ និងការអនុវត្តផែនការគោលនយោបាយជាតិរយៈពេលប្រាំឆ្នាំ។

សភាមានតួនាទីតាក់តែងច្បាប់ និងគ្រប់គ្រងគោលនយោបាយក្នុងគ្រប់វិស័យនៃរដ្ឋាភិបាល ប៉ុន្តែការអនុម័តរបស់សភានេះគ្រាន់តែជាទម្រង់បែបបទផ្លូវការសម្រាប់វិធានការនានាដែលត្រូវបានសម្រេចដោយគណបក្សពលករកំពុងកាន់អំណាច ដែលជាអ្នកកាន់កាប់អំណាចកំពូលតែប៉ុណ្ណោះ។

បណ្ដាអ្នកបង្កើតគោលនយោបាយ និងអ្នកវិភាគរបស់កូរ៉េខាងត្បូង បាននិងកំពុងតាមដានមើលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកូរ៉េខាងជើង ដែលអាចរួមបញ្ចូលការបញ្ជាក់ថា កូរ៉េខាងត្បូងគឺជាប្រទេសដាច់ដោយឡែក និងជាសត្រូវ ដែលនេះនឹងក្លាយជាការប៉ះទង្គិចដល់ការជំរុញរបស់ទីក្រុងសេអ៊ូល សម្រាប់កិច្ចសន្ទនា និងការផ្សះផ្សាគ្នាឡើងវិញ។

ទីភ្នាក់ងារ KCNA ក៏បានបញ្ចេញឈ្មោះតំណាងរាស្ត្រដែលទើបជាប់ឆ្នោតថ្មីក្នុងសភា ដែលក្នុងនោះរួមមានប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ គីម ជុងអ៊ុន ផងដែរ ដែលអ្នកវិភាគជឿថា ជាអ្នកតំណាងឱ្យបងប្រុសរបស់ខ្លួនលើកិច្ចការការទូត។ សភាថ្មីនេះក៏នឹងពិនិត្យឡើងវិញនូវការអនុវត្តផែនការគោលនយោបាយរយៈពេលប្រាំឆ្នាំថ្មី ដែលត្រូវបានអនុម័តដោយគណបក្សពលករកាលពីខែមុន ដែលរួមមានការសន្យារបស់លោក គីម ក្នុងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយឱ្យកាន់តែខ្លាំងក្លាជាងមុន៕