អ៊ុយក្រែន៖ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងរយៈពេលមួយខែ តំបន់ Luhansk ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌។ ប្រជាជនកំពុងជួបការលំបាកដោយគ្មានអាហារ ទឹក និងសម្ភារៈប្រើប្រាស់ ហើយមន្ត្រីនិយាយថា ជំនួយមនុស្សធម៌មិនអាចទៅដល់តំបន់មួយចំនួនបានទេ។

លោក Serhii Haidai ប្រធានរដ្ឋបាលយោធាស៊ីវិលតំបន់ Luhansk និយាយថា ប្រជាជនមួយចំនួនមិនព្រមចាកចេញពីលំនៅឋានរបស់ពួកគេនោះទេ រហូតដល់ការប្រយុទ្ធគ្នាកាន់តែកៀកដែលធ្វើឲ្យពួកគេភ័យខ្លាច។ ទោះបីជានៅពេលដែលតំបន់ជិតខាងកំពុងត្រូវបានបាញ់ផ្លោងដោយកាំភ្លើងត្បាល់ ឬអាវុធផ្សេងទៀត និងនៅពេលមានការផ្ទុះ និងមានមនុស្សស្លាប់នៅទីនោះ ប្រជាជននៅតែនៅកន្លែងរបស់ពួកគេដោយមិនព្រមចាកចេញ រហូតទាល់តែនៅក្បែរលំនៅឋាន ឬច្រកចូលក្បែរលំនៅឋានរបស់ពួកគេ ត្រូវបានបាញ់ផ្លោងដាក់ទើបពួកគេភ័យស្លន់ស្លោ ប៉ុន្តែនៅពេលនោះវាពិបាកក្នុងការជម្លៀសប្រជាជន។
លោក Haidai និយាយថា ជំនួយមនុស្សធម៌ត្រូវបានទទួល ប៉ុន្តែតំបន់ជាច្រើនមិនអាចទៅដល់បាននោះទេ ដោយសារតែមានការប្រយុទ្ធគ្នាខ្លាំង។ ទីប្រជុំជន Popasna និង Rubizhne ស្ថិតក្នុងចំណោមតំបន់ដែលការផ្តល់ជំនួយមិនអាចទៅដល់បាន។ មានមនុស្សជាច្រើននៅលាក់ខ្លួនក្នុងទីជម្រក ដោយគ្មានសញ្ញាបណ្តាញទូរស័ព្ទដើម្បីហៅ និងប្រាប់ពីទីតាំងរបស់ពួកគេ ឬដើម្បីសុំជំនួយមនុស្សធម៌ ឬការជម្លៀសចេញ៕
អត្ថបទ៖ ប៊ុនថន