ដោយព្រមានអំពីការគំរាមកំហែងកាន់តែខ្លាំងឡើងដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងមជ្ឈិមបូព៌ាពីជម្លោះក្នុងតំបន់នេះ ក្រុមមនុស្សធម៌អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេត្រៀមខ្លួនជួយអាជ្ញាធរជាតិក្នុងការឆ្លើយតប។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
OCHA បាននិយាយថា យោងតាមសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) ស្ថាប័នអ៊ីរ៉ង់ បានរាយការណ៍ពីការខូចខាតយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងទ្រព្យសម្បត្តិឆ្លើយតបបន្ទាន់ ដោយមានមណ្ឌលសុខភាពជាង ២៣០កន្លែង និងយានយន្តវេជ្ជសាស្ត្រជាង ៣០គ្រឿង ត្រូវបានខូចខាត ឬ បំផ្លាញ។ បុគ្គលិកសុខាភិបាលជាច្រើននាក់ ត្រូវបានសម្លាប់ និងរងរបួស ទោះបីជាមិនមានតួលេខ ត្រូវបានផ្តល់ឲ្យក៏ដោយ។
IRCS បាននិយាយថា អង្គភាពស៊ីវិលជាង ៥៤.០០០ កន្លែង ត្រូវបានខូចខាត ក្នុងនោះមានអគារលំនៅឋាន ពាណិជ្ជកម្ម និងសាលារៀន។
អង្គការសុខភាពពិភពលោក បាននិយាយថា មានការវាយប្រហារចំនួន ២៨លើក ទៅលើកន្លែងថែទាំសុខភាពដែលត្រូវបានរាយការណ៍ ក្នុងរយៈពេលពីរសប្តាហ៍ នៅក្នុងប្រទេសលីបង់ ដែលបានបណ្តាលឲ្យមានមនុស្ស ៣០នាក់ ស្លាប់ និង ៣៥នាក់ រងរបួស៕