កំពត ៖ ការយកសំណាកទៅពិនិត្យលើកទី១ លើមនុស្សប្រុសស្រី១០នាក់ ក្នុងចំណោមភ្ញៀវប្រមាណជាង ២០០នាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសផ្ទុកមេរោគកូវីដ១៩ នៅរោងការមួយ ក្នុង ស្រុកឈូក ខេត្តកំពត លទ្ធផលគឺអវិជ្ជមាន។
លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ថា ការវិភាគលើ មនុស្សប្រុសស្រី១០នាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសផ្ទុកមេរោគកូវីដ-១៩ ក្នុងរោង ការមួយនៅស្រុកឈូកនោះ លទ្ធផលបង្ហាញឱ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ គឺអវិជ្ជមាន។ ការយក សំណាកលើកទីពីរ នឹងធ្វើនៅថ្ងៃទី១៨ ខែមីនា រីឯលើកទីបី ជាបន្តបន្ទាប់ទៀត ដើម្បីច្បាស់ថា ពួកគេ មិនមានផ្ទុកកូវីដ-១៩ទេ។ ពេលនេះ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកឈូក កំពុងបន្តការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានកើតហេតុ ដោយតម្រូវឱ្យពួកគេទាំងប្រមាណ២០០នាក់ ត្រូវរក្សាការធ្វើកត្តាឡីស័កដដែល។
កាលពីល្ងាចថ្ងៃទី១៤ ខែមីនានេះ លទ្ធផល នៃការវិភាគលើបុរសម្នាក់ មានទីលំនៅក្នុងរាជធានីភ្នំ ពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ ខណៈពេលសាមីខ្លួន កំពុងចូលរួមពិធីមង្គលការ ក្នុងឃុំគ្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ តាមរយៈហេតុការណ៍នោះ មន្ត្រីជំនាញ និងអាជ្ញាធរស្រុក បានស្រាវជ្រាវរកឃើញ ថា មនុស្ស៦នាក់ បានប៉ះពាល់ផ្ទាល់ និងប្រមាណជិត២០០នាក់ ទៀត ក្នុងលក្ខណៈប្រយោល។ ក្នុងនោះ អ្នកប៉ះពាល់ផ្ទាល់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅសាលប្រជុំរបស់សហគមន៍អ្នកផលិតអំបិលកំពត-កែប។ ចំណែកអ្នកភូមិប្រមាណជិត២០០នាក់ ដែលពាក់ព័ន្ធដោយប្រយោល តម្រូវឱ្យអនុវត្តវិធានសុខាភិបាល ក្នុងផ្ទះរៀងៗខ្លួន៕
អត្ថបទ៖ អន សារឹម