ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនភាគី អង្គការអន្តរជាតិខាងការងារ ហៅកាត់ អាយឡូ(ILO)ថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅកម្ពុជា។
ក្នុងឱកាសទទួលពិភាក្សាការងារជាមួយលោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្ម របស់អង្គការ អន្តរជាតិខាងការងារ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានជម្រាបជូនភ្ញៀវបន្តថា អនុលោមតាមច្បាប់ ស្តីពីសហជីពនៃកម្ពុជា ផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញទៅកម្មករនិយោជិត និងនិយោជកក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា នៅកម្ពុជា មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណីដែលកម្មករ និយោជិត ឬថ្នាក់ដឹកនាំសហជីព ត្រូវបានចាប់ខ្លួន ឬធ្វើទុកបុកម្នេញដោយសារសកម្មភាពស្របច្បាប់របស់ខ្លួនក្នុង ការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេសរបស់ក្រសួងការងារ ក្រសួងពាក់ព័ន្ធ តំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គមនាពេលបន្ទាប់នេះ គណៈប្រតិភូនឹងទទួលបាននូវព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងយកទៅពិចារណា និងវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ ឈរលើមូលដ្ឋានច្បាប់ និងបទប្បញត្តិជាតិ និងអន្តរជាតិជាធរមាន។
ក្រសួងការងារ រងចំាទទួលយកនូវអនុសាសន៍របស់បេសកកម្មដោយផ្ទាល់នេះ ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។
នាឱកាសនោះ លោកប្រធានប្រតិភូ បានលើកឡើងថាការប្រជុំពិភាក្សា និងប្រឹក្សាយោបល់គ្នាទៅវិញទៅមក រវាងគណៈប្រតិភូ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការយល់គ្នាកាន់តែប្រសើរ ដែលគណៈប្រតិភូមានលទ្ធភាពធ្វើសេចក្តីសន្និដ្ឋាន ឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមតាមច្បាប់ការងារ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន កាន់តែមានភាពល្អប្រសើរបន្តទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី