តុលាការឧទ្ធរណ៍សហព័ន្ធ កាលពីថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) ភាគច្រើនបានតម្កល់សេចក្តីសម្រេចដែលបានរារាំងការបង្កក «ដ៏ទូលំទូលាយ និងមិនធ្លាប់មានពីមុន» លើជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលរាប់សែនកោដិដុល្លារ ដែលរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ចេញកាលពីដើមឆ្នាំ២០២៥។

គណៈចៅក្រម ៣រូបនៃតុលាការឧទ្ធរណ៍សហព័ន្ធប្រចាំតំបន់ទី១ របស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Boston បានគាំទ្ររដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋរបស់គណបក្សប្រជាធិបតេយ្យមកពី ២២រដ្ឋ និងប្រចាំតំបន់ Columbia ដោយរកឃើញថា ការិយាល័យថវិការបស់សេតវិមាន បានណែនាំដល់ទីភ្នាក់ងារសហព័ន្ធឲ្យអនុវត្តការបង្កកថវិកាទាំងស្រុង ជាចំណាត់ការដែលទំនងជាមិនត្រឹមត្រូវតាមច្បាប់ឡើយ។
ប្រមុខចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោក David Barron បាននិយាយថា ការិយាល័យគ្រប់គ្រង និងថវិកា (OMB) «បានណែនាំទីភ្នាក់ងារជាប់ចោទឲ្យបង្កកមូលនិធិបែបនេះ ដោយមិនពិចារណាពីទិដ្ឋភាពជាក់ស្តែងនៃបញ្ហានោះឡើយ ជាពិសេសផលប្រយោជន៍នៃការពឹងផ្អែករបស់អ្នកដែលទទួលបានការសន្យាហើយ ក្នុងការទទួលបានមូលនិធិសហព័ន្ធដែលនឹងត្រូវបានបង្កក»។
ចៅក្រម ដែលមិនខុសពីសមាជិកគណៈកម្មការផ្សេងទៀត ត្រូវបានតែងតាំងដោយប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានចង្អុលបង្ហាញពីការសន្និដ្ឋានរបស់ចៅក្រមតុលាការជាន់ទាបថា ទីភ្នាក់ងារទាំងនោះ បានបរាជ័យក្នុងការអនុវត្តការណែនាំរបស់ OMB ដើម្បីវាយតម្លៃថា តើការទូទាត់បែបនេះ ត្រូវបានតម្រូវដោយច្បាប់ ឬសមស្របតាមករណីនីមួយៗដែរ ឬអត់។
ជាលទ្ធផល តុលាការបានឲ្យដឹងថា ស្ថាប័ននេះដោយភាគច្រើននឹងសម្រេចតម្កល់ដីកាបង្គាប់ក្នុងខែមីនា ឆ្នាំ២០២៥ របស់លោក John McConnell ជាចៅក្រមតំបន់របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋ Rhode Island ដែលរារាំងគោលនយោបាយនេះ ក៏ដូចជាបទបញ្ជាដែលលោកបានចេញនៅពេលក្រោយ ដោយណែនាំទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធឲ្យអនុវត្តតាមការបង្គាប់បញ្ជារបស់លោក បន្ទាប់ពីស្ថាប័ននេះបានបរាជ័យក្នុងការធ្វើដូច្នេះ៕
