នគរបាលបាននិយាយនៅថ្ងៃអង្គារនេះថា ការផ្ទុះជាច្រើនលើកដែលបានបង្កឡើងដោយជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត បានធ្វើឲ្យរញ្ជួយទីក្រុង Maiduguri ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និង ជាង ១០០នាក់ផ្សេងទៀតរងរបួស។

អ្នកនាំពាក្យនគរបាល លោក Nahum Kenneth Daso បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការស៊ើបអង្កេតបឋមបង្ហាញថា ហេតុការណ៍ទាំងនេះ ត្រូវបានបង្កឡើង ដោយជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត»។
លោកបានបន្ថែមថា៖«ជាអកុសល មនុស្សសរុបចំនួន ២៣នាក់ បានបាត់បង់ជីវិត ខណៈដែល ១០៨នាក់ ផ្សេងទៀត បានរងរបួសក្នុងកម្រិតផ្សេងៗគ្នា»។
ការវាយប្រហារអត្តឃាត ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទ បានកើតឡើង បន្ទាប់ពីការវាយប្រហារ លើប៉ុស្តិ៍យោធាមួយកាលពីយប់ថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ដែលអាជ្ញាធរបានស្តីបន្ទោសទៅលើក្រុមជនសង្ស័យជីហាដនិយម៕
