ប្រភពសន្តិសុខអ៊ីរ៉ាក់បាននិយាយថា រ៉ូកែត និងយានដ្រូនយ៉ាងហោចណាស់ ៥គ្រឿង ត្រូវបានបាញ់ឆ្ពោះទៅស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ នាព្រឹកព្រលឹមថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) នេះ ពីតំបន់ជុំវិញរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់មួយនេះ ដោយពណ៌នាអំពីហេតុការណ៍នេះថា ជាការវាយប្រហារដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។
សាក្សីម្នាក់របស់សារព័ត៌មាន Reuters បានឃើញយានដ្រូនយ៉ាងហោចណាស់ ៣គ្រឿង កំពុងហោះឆ្ពោះទៅកាន់ស្ថានទូត។ សាក្សីនេះបាននិយាយថា ប្រព័ន្ធការពារដែនអាកាស C-RAM បានបាញ់ទម្លាក់យានដ្រូន ២គ្រឿង ខណៈដែលយានដ្រូនទី៣ បានវាយប្រហារនៅខាងក្នុងបរិវេណស្ថានទូត ដែលគេអាចមើលឃើញអគ្គិភ័យ និងផ្សែងហុយឡើងទ្រលោម។

ចំណែកសាក្សីម្នាក់ទៀតរបស់សារព័ត៌មាន Reuters បានប្រាប់ថា ការផ្ទុះមួយត្រូវបានឮនៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ាក់នេះ។ ទូរស័ព្ទដៃរបស់ស្ថានទូតអាមេរិកបានបិទ នៅពេលដែលសារព័ត៌មាន Reuters ទូរស័ព្ទទៅ ដើម្បីសុំការអត្ថាធិប្បាយ។ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារធនធានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីសងសឹក ចំពោះសង្គ្រាមដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ត្រូវបានដាក់ពង្រាយនៅទូទាំងផ្នែកខ្លះនៃរដ្ឋធានី និងបានបិទតំបន់បៃតង (Green Zone) ដែលមានការយាមកាមយ៉ាងរឹងមាំរបស់ទីក្រុងបាកដាដ ដោយទីនេះគឺជាទីតាំងនៃអគាររដ្ឋាភិបាល និងបេសកកម្មការទូត ក្នុងនោះរួមមានទាំងស្ថានទូតសហរដ្ឋអាមេរិកផងដែរ៕
