លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងមិត្តភាពប្រពៃណី និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ដែលជាអាទិភាពជាប់លាប់ នៅក្នុងគោលនយោបាយការបរទេសឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ការពង្រឹងខ្លួនឯង និងពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងខាងក្រៅ។
លោកនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់បែបនេះ ខណៈពេលទទួលជួបរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Dong Jun និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ Wang Xiaohong កាលពីថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) ក្នុងឱកាសមានកិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតរដ្ឋមន្ត្រី ៣+៣ ស្តីពីការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈ ដែលជាលើកដំបូង រវាងប្រទេសទាំង២។

ថ្នាក់ដឹកនាំវៀតណាមរូបនេះបានផ្ញើសារជូនពរទៅកាន់អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) លោកនាយករដ្ឋមន្ត្រី Li Qiang និងមេដឹកនាំសំខាន់ៗដទៃទៀតរបស់ប្រទេសចិន។ លោកបានអបអរសាទរប្រទេសចិន ចំពោះសម័យប្រជុំប្រកបដោយភាពជោគជ័យលើកទី៤ នៃសមាជប្រជាជនទូទាំងប្រទេសលើកទី១៤ និងគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន ដោយផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ឆ្នាំលើកទី១៥ ត្រូវបានអនុម័ត សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ។ លោកបានសម្តែងទំនុកចិត្តថា ប្រទេសចិននឹងសម្រេចបាននូវគោលដៅដែលបានកំណត់ នៅក្នុងផែនការ និងបន្តរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទាំងក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រី Chinh ស្វាគមន៍ចំពោះកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ លើកដំបូង ដែលបានធ្វើឡើងរួមជាមួយកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន ដោយពណ៌នាអំពីព្រឹត្តិការណ៍ទាំងនេះថា ជាភស្តុតាងនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំង២ ក្នុងការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ បង្កើនភាពជិតស្និទ្ធជាយុទ្ធសាស្ត្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង នៅកម្រិតកាន់តែខ្ពស់ រវាងគណបក្ស និងប្រទេសទាំង២៕
