ប្រទេសហ្វីលីពីនបានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) ថា ខ្លួនបានបដិសេធការអះអាងអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង លើសមុទ្រចិនខាងត្បូងទាំងមូល ដោយជំទាស់នឹងការលើកឡើងរបស់ស្ថានទូតចិន ដែលថា អ្នកការទូតហ្វីលីពីនម្នាក់ធ្លាប់ទទួលស្គាល់ថា តំបន់ថ្មប៉ប្រះទឹកមានជម្លោះ Scarborough Shoal មិនមែនជាផ្នែកមួយនៃទឹកដីហ្វីលីពីននោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោក Rogelio Villanueva បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ប្រទេសចិនត្រូវតែរំលឹកឡើងវិញថា ការទាមទារដែនសមុទ្រ និងទឹកដី គឺស្ថិតនៅក្រោមនីតិវិធីច្បាប់អន្តរជាតិដែលបានបង្កើតឡើង និងយន្តការដោះស្រាយជម្លោះ មិនមែនតាមរយៈការប្រកាសជាឯកតោភាគី ឬការបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ»។
លោក Villanueva បាននិយាយថា ហ្វីលីពីនមាន «អធិបតេយ្យភាពដែលមិនអាចបំបែកបាន មិនអាចប្រកែកបាន និងយូរអង្វែង» លើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal និងកោះដែលទីក្រុងម៉ានីលកាន់កាប់នៅក្នុងប្រជុំកោះ Spratly។
ការកត់សម្គាល់នេះ គឺជាសង្គ្រាមពាក្យសម្តីចុងក្រោយបំផុត រវាងមន្ត្រីហ្វីលីពីន និងស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល។ ស្ថានទូតចិន នៅទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសចិន «មិនដែលទាមទារតំបន់» នៅសមុទ្រចិនខាងត្បូងទាំងមូល ជាទឹកដីរបស់ខ្លួនឡើយ៕

