កោះកុង ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ ចែកអំណោយថ្នាំពេទ្យ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណាយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣៨៩នាក់ ចុះអប់រំផ្សព្វផ្សាយបង្ការកូវីដ-១៩ កំពុងរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី វិធានការសុខាភិបាល ៣ការពារ ៣កុំ សង្គ្រោះបឋម ព្រមទាំងនាំយកអំណោយថ្នាំពេទ្យ ម៉ាស់ អាកុល រួមទាំងស្បៀងអាហារ ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតថ្លៃ ចំនួន៤៩៩៦នាក់ ស្រី៣២៦៧នាក់ នៅអនុវិទ្យាល័យ ហ៊ុន សែន តានូន ខេត្តកោះកុង ដោយសហការជាមួយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សា និងជាអនុប្រធាន ស.ស.យ.ក ខេត្ត, ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អាជ្ញាធរស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ស.ស.យ.ក ខេត្តកោះកុង ចំនួន៥៦នាក់ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងអាជ្ញាធរដែលពាក់ព័ន្ធ។
ឯកឧត្តម លេង ផាលី បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្តេជ្ញានាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ជាតិនិងមាតុភូមិរបស់យើង ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលមួយចំណែកផងដែរ។ សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះលោកជំទាវ មិថុនា ភូថង បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានដូចមន្ទីរពេទ្យចល័តមួយអញ្ចឹង ដែលមានគ្រូពេទ្យមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេសមានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិរបស់យើងដោយមិនក្លាចពីការនឿយហត់ឡើយ។
ក្នុងនោះកុមារ យុវវ័យ និងប្រជាពលរដ្ឋ លោកយាយ លោកតាចាស់ជរា រស់នៅក្នុងស្រុកបូទុមសាគរ មកទទួលសេវាពិនិត្យ ព្យាបាលជំងឺ ទទួលអំណោយថ្នាំពេទ្យ ព្រមទាំងបងប្អូនមួយចំនួនដល់ពេលត្រូវមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានសោះ ក៏អាចមកទទួលចាក់វ៉ាក់សាំងពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណជាខ្លាំងជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពួកគាត់ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមសម្តេចតេជោ ទទួលបានសុខភាពល្អ ហើយនឹងដឹកនាំនាវាប្រទេសកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាពជានិរន្តរ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៧ មីនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន៥,៦៧៩នាក់ បានចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៥៤០លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៥,៧៣៣,៧៤៣នាក់(ប្រាំលាន ចិតសិបបីម៉ឺន បីពាន់ប្រាំពីរយ សែសិប បីនាក់) ៕អត្ថបទ ៖ រដ្ឋា











