ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានអះអាងនៅថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រមុខសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani ត្រូវបានសម្លាប់។
យ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់ណាមួយពីទីក្រុងតេអេរ៉ង់នៅឡើយទេ។ នៅព្រឹកថ្ងៃនេះ របាយការណ៍ អំពីការស្លាប់លោក Larijani បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។ តែរសៀលថ្ងៃនេះ ការបង្ហោះមួយត្រូវបានចែករំលែកនៅលើគណនីបណ្ដាញសង្គមរបស់លោក Larijani ដោយឧទ្ទិសដល់ «ទុក្ករបុគ្គល» របស់សាធារណរដ្ឋឥស្លាម។

យោងតាមយោធាអ៊ីស្រាអែល លោក Larijani គឺជាគោលដៅមួយនៃការវាយប្រហារដែលបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទ នៅទូទាំងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដោយដកស្រង់សម្តីពីមន្ត្រីអ៊ីស្រាអែល។
ប្រសិនបើត្រូវបានបញ្ជាក់ថា ជាការពិតនោះ ការស្លាប់របស់លោក Larijani នឹងក្លាយជាការស្លាប់ដ៏លេចធ្លោបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់ អំឡុងសង្គ្រាមដែលកំពុងបន្តកើតមាន បន្ទាប់ពីមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ»៕

