អ្នកនាំពាក្យគណៈកម្មការថាមពលសភា នៅថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ការផលិត និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ បន្តដំណើរការដោយគ្មានការរំខានអ្វីឡើយ ដោយបន្ថែមថា សកម្មភាពនៃជីវិតប្រចាំថ្ងៃ កំពុងប្រព្រឹត្តទៅជាធម្មតា នៅលើកោះ Kharg។
កោះ Kharg បម្រើការជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ដែលតំណាងឲ្យ ៩០ភាគរយនៃការដឹកជញ្ជូនប្រេងរបស់ប្រទេសសមាជិកនៃអង្គការ OPEC មួយនេះ។ ធនធានយោធានៅលើកោះនេះ ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យគណៈកម្មការ ដែលក៏ជាសមាជិកផងដែរ និងដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានបញ្ជាក់ជាថ្មីនូវការគំរាមកំហែងរបស់អ៊ីរ៉ង់ថា ការវាយប្រហារពីបរទេសណាមួយលើកោះ Kharg នឹងនាំទៅរកការ «ភាពអាម៉ាស់ជាងនៅច្រកសមុទ្រ Hormuz» ជាកន្លែងដែលទីក្រុងតេអេរ៉ង់បានរារាំងការឆ្លងកាត់នាវា ដែលខ្លួននិយាយថា មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ប្រទេសទាំង២។
បើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគថាមពល បង្ហាញថា ប្រទេសអ៊ីរ៉ង់បានផ្ទុកប្រេងប្រហែល ១,៥-១,៦លានបារ៉ែល ក្នុងមួយថ្ងៃ នៅលើនាវាដឹកប្រេង ចាប់តាំងពីស្ថានភាពតានតឹងបានចាប់ផ្តើមឡើង ដែលធ្វើឲ្យរកប្រាក់ចំណូលបានប្រចាំថ្ងៃប្រមាណ ១៤០លានដុល្លារ៕

