នៅថ្ងៃអង្គារនេះ អង្គការសហប្រជាជាតិ(UN) បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់បន្ទាន់ការពង្រីកការតាំងលំនៅនិគមន៍របស់ខ្លួននៅតំបន់កាន់កាប់វ៉េសប៊ែង ដោយពួកគេលើកឡើងពីក្តីកង្វល់បោសសម្អាតជនជាតិភាគតិច ស្របពេលដែលជនប៉ាឡេស្ទីន ៣៦.០០០នាក់ បានជម្លៀសខ្លួន ក្នុងរយៈពេល ១ឆ្នាំ ។
របាយការណ៍ថ្មីពីការិយាល័យសិទ្ធិមនុស្ស UN បានព្រមានថា ការពង្រីកការតាំងលំនៅនិគមន៍ខុសច្បាប់របស់អ៊ីស្រាអែល និងការដាក់បញ្ចូលតំបន់ជាច្រើននៅវ៉េសប៊ែងជាឧបសម្ព័ន្ធរបស់ខ្លួន នាំឲ្យមានការជម្លៀសខ្លួនមនុស្សពុំធ្លាប់ដែលមានកាលពីមុន ។

របាយការណ៍នោះ និយាយថា ការជម្លៀសខ្លួនជនប៉ាឡេស្ទីនជាង ៣៦.០០០នាក់ នៅតំបន់កាន់កាប់វ៉េសប៊ែង តំណាងឲ្យការបណ្តេញចេញជនប៉ាឡេស្ទីនទ្រង់ទ្រាយធំបំផុតពុំធ្លាប់ដែលមើលឃើញកាលពីមុន ពោលគឺស្មើនឹងការផ្ទេរចេញដោយខុសច្បាប់ ដែលត្រូវបានហាមឃាត់ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ។
ជាមួយនឹងការជម្លៀសខ្លួនដ៏ច្រើនមហិមារបស់ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា វាបង្ហាញពីគោលនយោបាយផ្ទេរចេញដោយបង្ខំទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ពេញដែនដីកាន់កាប់មួយនេះ ដែលមានគោលដៅជម្លៀសខ្លួនអចិន្រ្តៃយ៍ និងបង្កក្តីកង្វល់ពីការបោសសម្អាតជនជាតិភាគតិច ។
របាយការណ៍នេះដែរ បានលើកឡើងពីការជំរុញ ឬការយល់ព្រមដោយអាជ្ញាធរអ៊ីស្រាអែលលើការតាំងលំនៅនិគមន៍ ៣៦.៩៧៣កន្លែង នៅតំបន់កាន់កាប់ហ្សេរុយសាឡឹមខាងកើត និងការតាំងលំនៅនិគមន៍ ២៧.២០០កន្លែងនៅតំបន់កាន់កាប់វ៉េសប៊ែង ។
អំឡុងពេលតែមួយនេះ ប៉ុស្តិ៍ក្រៅតាំងលំនៅនិគមន៍ ៨៤កន្លែងមិនធ្លាប់មានពីមុន ត្រូវបានបង្កើតផងដែរនៅតំបន់កាន់កាប់វ៉េសប៊ែង នាំឲ្យចំនួនប៉ុស្តិ៍ក្រៅនេះ កើនឡើងដល់ជាង ៣០០កន្លែង ៕
