នៅថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេស នៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងអ៊ីរ៉ង់ និងលីបង់ ដែលជាគោលដៅនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងជម្លោះដែលឥឡូវនេះស្ថិតក្នុងសប្តាហ៍ទី៣ ហើយ។
ទីក្រុងប៉េកាំងគឺជាដៃគូជិតស្និទ្ធរបស់អ៊ីរ៉ង់ ហើយបានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ លើប្រទេសនេះ ខណៈពេលដែលក៏រិះគន់ផងដែរ ចំពោះការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា សង្គ្រាមនេះបានបង្កឲ្យមាន «គ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ» ទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសតំបន់មជ្ឈិមបូព៌ាផ្សេងទៀត។
ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម លោក Lin បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ប្រទេសចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់អ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។ សង្ឃឹមថា ការធ្វើបែបនេះនឹងជួយសម្រាលបញ្ហាមនុស្សធម៌ដែលប្រជាជនក្នុងតំបន់កំពុងប្រឈមជាមួយ»។
លោកបានបន្ថែមថា៖ «ប្រទេសចិននឹងបន្តប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់សន្តិភាព និងបញ្ឈប់សង្គ្រាម និងដើម្បីការពារការរីករាលដាលបន្ថែមទៀតនៃវិបត្តិមនុស្សធម៌»។
ប្រទេសចិនបានស្វែងរកការជួយសម្របសម្រួល ក្នុងសង្គ្រាមនេះ ដោយលោក Zhai Jun បេសកជនពិសេសរបស់ខ្លួនប្រចាំតំបន់មជ្ឈិមបូព៌ា បានជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹង នៅពេលដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីធ្វើការពិភាក្សា៕


