កោះកុង៖ អភិបាលខេត្តកោះកុង បានសំណូមពរដល់ពលរដ្ឋ និងភ្ញៀវទេសចរ ដែលមានបំណងទៅលេងកម្សាន្ត នៅតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តនេះ សូមចូលរួមប្រើប្រាស់កញ្ចប់សេវាទេសចរណ៍ក្នុងសហគមន៍។
បន្ទាប់ពីមានការប្រកាសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យមានការប្រារព្ធ ពិធីបុណ្យចូលឆ្នាំ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា ខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងពង្រីក និងពង្រឹងគុណភាពវិស័យទេសចរណ៍ ដូចជា សេវាស្នាក់នៅ ហូបចុក ព្រមទាំងសោភ័ណភាពបរិស្ថានជុំវិញរមណីយដ្ឋានទេសចរធម្មជាតិនានា។
លោកជំទាវ បានសំណូមពរដល់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមប្រើប្រាស់កញ្ចប់ សេវាទេសចរណ៍សហគមន៍ ត្បិតតម្លៃថ្លៃបន្តិចក៏ពិតមែន តែដើម្បីគាំទ្រផ្តល់ជាមុខរបរ ប្រាក់ចំណូល និងលើកស្ទួលជីវភាពប្រជាសហគមន៍ ដែលបាននឹងកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩។
លោក ឈេង សុវណ្ណដា អភិបាលក្រុងខេរមភូមិន្ទ បានឱ្យដឹងថា លោកនឹងធ្វើសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ សេវក (សេវៈក) និងប្រតិបត្តិករវិស័យទេសចរណ៍ ឱ្យរៀបចំសន្តិសុខសណ្តាប់ធ្នាប់ សោភ័ណភាពបរិស្ថាន សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងរមណីយដ្ឋាន ឱ្យបានស្អាត ត្រៀមទទួល ស្វាគមន៍ភ្ញៀវទេសចរ ។
លោក បានឱ្យដឹងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នឹងមានពិព័រណ៍ពាណិជ្ជកម្ម សម្ភារៈកីឡា របស់សហព័ន្ធកីឡាជាតិ និងប្រគុំតន្រ្តីខ្នាតតូច សម្រាប់ផ្ដល់ការកម្សាន្តបន្ថែមដល់ទេសចរ។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ដែរថា លោកបាន ត្រៀមណែនាំដល់អ្នកគ្រប់គ្រងរមណីយដ្ឋានធម្មជាតិ និងកែច្នៃទាំងអស់ ដែលជាគោលដៅទេសចរណ៍ ធម្មជាតិ ឱ្យពង្រឹងគុណភាពសេវាស្នាក់នៅ ចំណីអាហារ និងរក្សាសន្តិសុខ។ ហើយមិនឱ្យមានការដំឡើង ថ្លៃសេវាទេសចរណ៍លើសប្រមាណនោះទេ ដែលធ្វើឱ្យប៉ះពាល់ចំណូលសេដ្ឋកិច្ចពីវិស័យទេសចរណ៍៕ អត្ថបទ៖ ឈឹម មករា