ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និយាយនៅថ្ងៃអង្គារនេះថា EU ពុំបានបិទទ្វាររបស់ខ្លួននោះទេ លើការចូលរួមប្រតិបត្តិការនៅជិតសមុទ្រក្រហម ។
លោកស្រី Kallas និយាយថា រដ្ឋជាសមាជិក មិនចង់ធ្វើឲ្យមនុស្សរបស់ពួកគេស្ថិតតាមផ្លូវគ្រោះថ្នាក់នៅច្រកសមុទ្រ Hormuz នោះទេ ហើយពួកគេកំពុងស្វែងរកផ្លូវការទូត ដើម្បីធ្វើឲ្យច្រកសមុទ្រមួយនេះបន្តបើក ។
លោកស្រីថា លោកស្រីមិនគិតថា ទ្វារបានបិទនោះទេ ។ ពួកយើងត្រូវតែស្វែងរកមធ្យោបាយការទូត ដើម្បីឲ្យច្រកសមុទ្របើក ពួកយើងមិនចង់មានវិបត្តិស្បៀងអាហារ វិបត្តិជីកសិកម្ម វិបត្តិថាមពលនៅលើពិភពលោកនោះទេ ។
ខណៈពេលនោះដែរ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់លោក Hayan Abdel-Ghani បាននិយាយថា ទីក្រុងបាកដាដ កំពុងចរចាជាមួយអ៊ីរ៉ង់ អំពីការអនុញ្ញាតឲ្យនាវាដឹកប្រេងមួយចំនួនរបស់ប្រទេសឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ាក់កំពុងស្វែងរកការបន្ធូរបន្ថយការរំខានដល់ការនាំចេញប្រេងឆៅ បន្ទាប់ពីមានការវាយប្រហារថ្មីៗ លើនាវាដឹកប្រេង នៅក្នុងដែនទឹករបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនាម្សិលមិញ លោក Abdel-Ghani បាននិយាយថា អ៊ីរ៉ាក់ក៏កំពុងធ្វើការ ដើម្បីស្តារបំពង់បង្ហូរប្រេងដែលលែងប្រើឡើងវិញ ដែលនឹងអាចឲ្យប្រេងត្រូវបានបូមដោយផ្ទាល់ទៅកាន់កំពង់ផែ Ceyhan របស់ប្រទេសទួរគីដោយមិនចាំបាច់ឆ្លងកាត់តំបន់ពាក់កណ្ដាលស្វយ័តឃឺដអ៊ីរ៉ាក់ ៕