ការខូចខាតរថយន្ត និងស្ថានីយរថភ្លើង ត្រូវបានគេមើលឃើញនៅតាមទីតាំងជាច្រើនកន្លែងនៅទូទាំងតំបន់ភាគកណ្តាលអ៊ីស្រាអែល ក្រោយការវាយប្រហារមីស៊ីលអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ ។
រូបភាពវីដេអូឃ្លីបដែលចែករំលែកដោយសេវាកម្មរថយន្តគិលានសង្រ្គោះ MDAរបស់អ៊ីស្រាអែល ឃើញក្រុមជួយសង្រ្គោះនៅទីទាំង ២កន្លែងដែលរងការវាយប្រហារដោយមីស៊ីលបំពាក់ក្បាលគ្រាប់ចង្កោមរបស់អ៊ីរ៉ង់ ។
ខណៈពេលនោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានអះអាងនៅថ្ងៃអង្គារនេះថា ប្រមុខសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani ត្រូវបានសម្លាប់ ។ យ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់ណាមួយពីទីក្រុងតេអេរ៉ង់នៅឡើយទេ។
នៅព្រឹកថ្ងៃអង្គារនេះ របាយការណ៍ អំពីការស្លាប់លោក Larijani បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ប៉ុន្តែនៅពេលរសៀលថ្ងៃនេះ ការបង្ហោះសារមួយត្រូវបានចែករំលែកនៅលើគណនីបណ្ដាញសង្គមរបស់លោក Larijani ដោយឧទ្ទិសកុសលដល់ទុក្ករបុគ្គល របស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។
សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ឈានចូលដល់សប្តាហ៍ទី ៣ហើយ ដោយគ្មានសញ្ញានៃការបញ្ចប់ ។ សង្រ្គាមមួយនេះ បានសម្លាប់មនុស្សយ៉ាងហោច ២ពាន់នាក់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ៕