អ្នកនាំពាក្យរបស់លោក Volodymyr Zelenskyy បានឲ្យដឹងនៅថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេសហើយ ដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រី Keir Starmer និងប្រមុខអង្គការណាតូ (NATO) លោក Mark Rutte។
អ្នកនាំពាក្យរបស់លោក លោក Sergiy Nykyforov បានប្រាប់អ្នកសារព័ត៌មានថា ជាមួយគ្នានេះ លោក Zelenskyy ក៏ត្រូវបានគេរំពឹងផងដែរថា នឹងចូលគាល់ព្រះមហាក្សត្រ Charles នៅព្រះបរមរាជវាំង Buckingham និងថ្លែងទៅកាន់សមាជិកសភា។
វិមាន Downing Street បានប្រកាសនៅមុននេះថា ចក្រភពអង់គ្លេស និងអ៊ុយក្រែន គ្រោងនឹងចុះហត្ថលេខាលើភាពជាដៃគូការពារជាតិ ដែលមានគោលបំណងដោះស្រាយការគំរាមកំហែងដោយយានដ្រូនមានតម្លៃទាប។
ដំណើរទស្សនកិច្ចរបស់លោក Zelensky នៅទីក្រុងឡុងដ្រ៍ នៅមុនពេលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ នៅថ្ងៃពុធ បានកើតឡើង ខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោក បានសន្យាថា នឹងបន្តគាំទ្រទីក្រុងគីវ ក្នុងជម្លោះជាមួយរុស្ស៊ី។
ទីក្រុងវ៉ាស៊ីនតោនបានបន្ធូរបន្ថយដោយផ្នែក ចំពោះទណ្ឌកម្ម លើទីក្រុងមូស្គូ ដើម្បីទម្លាក់តម្លៃប្រេងដែលហក់ឡើងខ្ពស់ ដោយសារសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ជាអ្វីដែលហាក់ដូចជាបានរារាំងដល់កិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់ការឈ្លានពានរយៈពេល ៤ឆ្នាំរបស់រុស្ស៊ី៕