កាលពីឆ្នាំ ១៩៤៨ ជីដូនជីតាអ្នកស្រី Manal Matar បានរត់ភៀសខ្លួនចេញពីទីក្រុង Akka ឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសលីបង់ ។ ពួកគេគិតថា ពួកគេនឹងអាចវិលត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែព្រំដែនបានបិទ ហើយគ្រួសាររបស់គាត់ សម្រេចចិត្តរស់នៅក្នុងជំរំ Rashidieh នៅជិតទីក្រុងតំបន់ឆ្នេរ Tyre ភាគខាងត្បូងប្រទេសលីបង់ ។ ពួកគេបានរស់នៅទីនោះ ចាប់ពីពេលនោះមក ។
អ្នកស្រី Manal និយាយថា នៅព្រឹកថ្ងៃទី ២ មីនា កងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារនៅជិតផ្ទះរបស់ពួកគេ ។ អ្នកស្រីថា មាននូវការទម្លាក់គ្រាប់បែកនៅជុំវិញខ្លួនពួកយើង ហើយគ្រួសាររបស់គាត់បានវិចបង្វិចធ្វើដំណើរទៅភាគខាងជើង ដោយសំឡេងផ្ទុះគ្រាប់បានបន្ទរជុំវិញពួកយើង ។ សង្រ្គាមពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ហើយពួកយើងធ្វើដំណើរតាមផ្លូវអស់រយៈពេលជាង ១ថ្ងៃមកហើយ ។
បច្ចុប្បន្ន ពួកគេស្នាក់នៅជាមួយម្តាយមីងខាងម្តាយរបស់អ្នកស្រី Manal ស្ថិតនៅជំរំជនភៀសខ្លួន Beddawi ក្នុងទីក្រុង Tripoli ភាគខាងជើងប្រទេសលីបង់ ។
អ្នកស្រី Manal ស្ថិតក្នុងចំណោមជនភៀសខ្លួនប៉ាឡេស្ទីនរាប់ពាន់នាក់ នៅលីបង់ដែលបច្ចុប្បន្នរស់នៅទាំងរបួសផ្លូវចិត្តបណ្តាលមកពីសង្រ្គាមរបស់អ៊ីស្រាអែល ។
អ្នកស្រីនិយាយថា សូមឲ្យព្រះជួយការពារពួកយើងកុំឲ្យស្ថានភាពបែបនេះ ចំណាយពេលយូរជាងនេះទៀត ពីព្រោះថា ពួកយើងហត់នឿយខ្លំាងណាស់ទៅហើយ ។
ជនប៉ាឡេស្ទីនជាច្រើនដូចជាអ្នកស្រី Manal ដឹងច្បាស់ថា ការជម្លៀសខ្លួនបែបនេះ មិនមែនបណ្តោះអាសន្ននោះទេ ។ អ៊ីស្រាអែលបានបង្កើនសង្រ្គាមរបស់ពួកគេលើលីបង់ កាលពីថ្ងៃទី ២ ខែកុម្ភៈ ក្រោយក្រុមហេសបូឡា វាយប្រហារអ៊ីស្រាអែលជាលើកដំបូង ក្នុងរយៈពេលជាង ១ឆ្នាំ ៕