អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឱ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័សនិងឯករាជ្យ បន្ទាប់ពីរដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ការវាយប្រហាររបស់ប្រទេសប៉ាគីស្ថានលើគ្លីនិកស្តារនីតិសម្បទាគ្រឿងញៀននៅទីក្រុងកាប៊ុល បានសម្លាប់មនុស្សរាប់រយនាក់។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Thameen Al-Kheetan បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «ការផ្ទុះដ៏បង្ហូរឈាមនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនក្នុងទីក្រុងកាប៊ុលដែលតាមសេចក្តីរាយការណ៍ថាបានបណ្តាលឱ្យអ្នកជំងឺច្រើននាក់ស្លាប់ ត្រូវតែស៊ើបអង្កេតឱ្យបានឆាប់រហ័ស ដោយឯករាជ្យ និងមានតម្លាភាព»។

លោកបានអំពាវនាវឱ្យអ្នកទាំងឡាយដែលទទួលខុសត្រូវចំពោះការបំផ្ទុះនេះ «ត្រូវបាននាំមកកាត់ទោសស្របតាមស្តង់ដារអន្តរជាតិ» ហើយបានទទូចថា លទ្ធផលនៃការស៊ើបអង្កេតណាមួយ «ត្រូវតែផ្សព្វផ្សាយជាសាធារណៈ»។ លោកបាននិយាយថា ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះមានសិទ្ធិទទួលបានសំណង។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ៤០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀននៅទីក្រុងកាប៊ុល ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅក្នុងអំពើហិង្សា រវាងប្រទេសជិតខាងទាំងពីរ។ រដ្ឋាភិបាលតាលីបង់ បានចោទប្រកាន់ប៉ាគីស្ថានថាបានកំណត់គោលដៅលើជនស៊ីវិលដោយចេតនា ជាអ្វីដែលប៉ាគីស្ថានបានច្រានចោលយ៉ាងដាច់ខាត។ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយថា ការអះអាងថារដ្ឋាភិបាលរបស់លោកបានកំណត់គោលដៅលើគ្លីនិកកាប៊ុលដោយចេតនាគឺ «គ្មានមូលដ្ឋានទាំងស្រុង»។ ទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធការចោទប្រកាន់របស់រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានថាកងកម្លាំងប៉ាគីស្ថានបានវាយប្រហារមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថាការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសជិតខាងបានបញ្ចៀសពីទីតាំងជនស៊ីវិល។