មេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោក Amir Hatami នៅថ្ងៃពុធ១៨មីនានេះ បានប្ដេជ្ញាឆ្លើយតបចាស់ដៃ ដើម្បីសងសឹកការស្លាប់របស់មន្ត្រីសន្តិសុខជាន់ខ្ពស់លោក Ali Larijani ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសទាំងយប់របស់អ៊ីស្រាអែល។

លោក Amir Hatami បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការធ្វើឃាតរដ្ឋលេខាធិការរបស់ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ នឹងទទួលបានការឆ្លើយតបវិញដ៏ខ្លាំងក្លានិងគួរឲ្យសោកស្ដាយ។

ជាការសឹងសឹក មនុស្ស២នាក់បានស្លាប់នៅក្នុងទីក្រុង Tel Aviv របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមីស៊ីលរបស់អ៊ីរ៉ង់ បានដាក់គោលដៅលើទីក្រុងមួយនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការ Mehr របស់អ៊ីរ៉ង់ ពិធីបុណ្យសពរបស់លោក Larijani នឹងធ្វើឡើងនៅថ្ងៃពុធនេះ។

លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ និងពោពេញដោយការសោកស្ដាយចំពោះការបាត់បង់លោក Larijani ។
សារព័ត៌មាន Iran International បានរាយការណ៍ថា លោក Qassem Qoreishi អនុប្រធានអង្គការប៉ារ៉ា Basij ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនោះដែរ៕