ភ្នំពេញ ៖ តំណាងធនាគារពិភពលោក ប្រចាំកម្ពុជា កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំមិនខ្លាចនឿយហត់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងតែងតែសហការយ៉ាងជិតស្និទជាមួយធនាគារពិភពលោក។
ការថ្លែងរបស់លោក Paul Jacob Roby ប្រធានក្រុមចម្រុះគម្រោងអាហារូបត្ថម្ភ និងប្រជាជន នៃធនាគារពិភពលោក ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ដោយទទួលបានការអនុញ្ញាតពីលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាទីសី្តការក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។
ក្នុងជំនួបពិភាក្សាការងារនេះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះលោក Jacob ដែលត្រូវបានតែងតាំងថ្មី និងថ្លែងអំណរគុណចំពោះលោក Ziauddin Hyder ដែលបានចប់អណតិ្ត។ ទន្ទឹមនឹងនោះលោកជំទាវ វេជ្ជបណ្ឌិត បានជម្រាបជូនភ្ញៀវអំពីបទពិសោធន៍ នៃការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់។ លោកជំទាវ រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោក ដែលបានសហការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយគ្នានោះ លោក Paul Jacob Roby បានលើកឡើងបីចំនុចសំខាន់ៗ គឺទី១.ការអនុវត្តគម្រោង H-EQIP 1 (អេជ អេគីប វ័ន), ទី២.ការរៀបចំគម្រោង H-EQIP 2 (អេជ អេគីប ធូ) និងទី៣.គម្រោងឆ្លើយតបបន្ទាន់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានឯកភាពចំពោះការលើកឡើងអំពីកិច្ចសហប្រតិបតិ្តការលើគម្រោងទាំងបីខាងលើនេះ ព្រមទាំងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងគម្រោងបណ្តុះបណ្តាលមុននឹងការផ្តល់សេវា ព្រមទាំងសំណូមពរដល់ធនាគារពិភពលោកបន្តការគាំទ្រ ចំពោះកិច្ចសហប្រតិបតិ្តការនេះជាបន្តទៀត។ លោកជំទាវ រដ្ឋលេខាធិការ ក៏បានជូនពរដល់លោកតំណាងធនាគារពិភពលោកថ្មី និងលោកតំណាងផុតអណតិ្ត ស្នាក់នៅកម្ពុជា ដោយសុខសុវតិ្ថភាព និងទទួលជោគជ័យថ្មីៗបន្ថែមទៀត៕ អត្ថបទ ៖ រដ្ឋា









