យោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃពុធ (១៨ មីនា) នេះបានឱ្យដឹងថា អ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើទីក្រុងតែលអាវីវ របស់អ៊ីស្រាអែល ដោយប្រើមីស៊ីលបំពាក់ក្បាលគ្រាប់បែកចង្កោម ដែលខ្លួនបានបញ្ជាក់ថា ជាការសងសឹកចំពោះការដែលអ៊ីស្រាអែល បានធ្វើឃាតប្រធានកងកម្លាំងសន្តិសុខអ៊ីរ៉ង់ គឺលោក Ali Larijani។

ការវាយប្រហារយ៉ាងសន្ធាប់ពេញមួយយប់កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សមួយចំនួនក្នុងតំបន់លំនៅឋានមួយក្បែរទីក្រុងតែលអាវីវ ដែលមានប្រជាជនរស់នៅយ៉ាងកកកុញ និងជាទីដែលមានមូលដ្ឋានយោធាអ៊ីស្រាអែលសំខាន់ៗផងដែរ។ សេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលត្រូវបានអានតាមទូរទស្សន៍រដ្ឋ បានឱ្យដឹងថា អាវុធដែលបានប្រើប្រាស់សុទ្ធតែបំពាក់ក្បាលគ្រាប់បែកពហុគ្រាប់។
អ៊ីស្រាអែលបាននិយាយថា អ៊ីរ៉ង់បានប្រើប្រាស់ក្បាលគ្រាប់ចង្កោមជាញឹកញាប់ ដែលក្បាលគ្រាប់ប្រភេទនេះនឹងបំបែកខ្លួនទៅជាគ្រាប់បែកតូចៗជាច្រើនរាយប៉ាយនៅលើអាកាស និងរីករាលដាលពេញតំបន់យ៉ាងទូលំទូលាយ ដែលពិបាកក្នុងការស្ទាក់ចាប់។
ជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តដោយគ្មានសញ្ញាបញ្ចប់។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ គឺជាគោលដៅមួយនៃការវាយប្រហារដែលពួកគេបានចាប់ផ្តើមអស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដែលការវាយប្រហារនោះបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត៕


